អាជ្ញាធររូបិយវត្ថុវៀតណាម បានចេញសេចក្ដីថ្លែងការណ៍លើគេទំព័ររបស់ខ្លួនថា ធនាគារកណ្ដាលវៀតណាម នឹងគ្រប់គ្រងអត្រាប្តូរប្រាក់ដោយភាពបត់បែន និងស្របតាមស្ថានការណ៍វិវឌ្ឍន៍ នៃទីផ្សារពិភពលោកតាមរយៈឧបករណ៍គោលនយោបាយរូបិយវត្ថុ (monetary policy tool) និងតាមរយៈការលក់ចេញប្រាក់ដុល្លារ។
ប្រាក់ដុងវៀតណាម បានធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មាន ដោយលុយដុងរហូតដល់ទៅ២៥,៤៧០ដុង ប្ដូរបានតែ១ដុល្លារអាម៉េរិកប៉ុណ្ណោះកាលពីសប្ដាហ៍មុន ហើយបានបាត់បង់តម្លៃជិត៥%ក្នុងឆ្នាំ២០២៤ នេះ។ ធនាគារកណ្តាលវៀតណាម កាលពីខែមុនបានលក់ចេញប្រាក់ដុល្លារ ក្នុងតម្លៃអន្តរាគមន៍ ពោលគឺ២៥,៤៥០ដុងក្នុង១ដុល្លារអាម៉េរិក។
ធនាគារកណ្តាលវៀតណាម បាននិយាយថា ទីផ្សារប្តូរប្រាក់បរទេសបានទទួលរងសម្ពាធពីការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាននៅទូទាំងពិភពលោក គួបផ្សំជាមួយបញ្ហាប្រឈម និងការលំបាកនានានៅក្នុងស្រុក។ ធនាគារកណ្ដាលនេះបានបន្ថែមថា ទោះជាយ៉ាងណា ខ្លួនរំពឹងថា ការផ្គត់ផ្គង់ប្រាក់ដុល្លារនឹងកើនឡើងដោយសារការងើបឡើងវិញនៃការនាំចេញ។
ទន្ទឹមនេះប្រធានគោលនយោបាយរូបិយវត្ថុវៀតណាម លោក ហ្វាំ ជី ក្វាង (Pham Chi Quang) បានបង្ហាញក្ដីរំពឹងថា ធនាគារកណ្តាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំនេះ ហើយវាក៏នឹងកាត់បន្ថយសម្ពាធមកលើតម្លៃប្រាក់ដុងផងដែរ៕
ដោយ: តែម សុខុម