ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏ធំបំផុតនៃទុរេនវៀតណាម ប៉ុន្តែផលិតផលផ្លែឈើនេះត្រូវបាននាំចេញជាចម្បងតាមច្រកព្រំដែនជាមួយប្រទេសចិន ដែលជាការនាំចេញក្រៅផ្លូវការតែប៉ុណ្ណោះ។
លោក Le Thanh Tung អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំរបស់វៀតនាមបានមានប្រសាសន៍ថា ប្រសិនបើមិនមានការរាតត្បាតនៃជំងឺកូវីដ-១៩ ទេនោះ ការចរចាលើការនាំចេញទុរេនវៀតណាមជាផ្លូវការទៅកាន់ប្រទេសចិននឹងត្រូវបញ្ចប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ។
ថ្មីៗនេះ ប្រទេសទាំងពីរបានបញ្ចប់ដំណាក់កាលចុងក្រោយក្នុងដំណើរការចរចា និង បានកំពុងរៀបចំឯកសារដើម្បីចុះហត្ថលេខាជាផ្លូវការស្តីពីការនាំចេញនេះផងដែរ។ បើយោងតាមក្រសួងកសិកម្មវៀតណាម ដើម្បីទទួលបានអាជ្ញាបណ្ណលើការនាំចេញផ្លែឈើជាផ្លូវការទៅកាន់ប្រទេសចិន តម្រូវការចាំបាច់គឺ ផ្លែឈើនោះ ត្រូវតែមកនាំមកពីតំបន់ដែលមានការដាំដុះលូតលាស់ល្អ និងកន្លែងវេចខ្ចប់ដែលមានគោរពតាមស្ដង់ដារដែលកំណត់ដោយរដ្ឋបាលគយនៃប្រទេសចិន។
ប្រទេសចិន បច្ចុប្បន្ននេះ មិនមែនជាទីផ្សារងាយស្រួលក្នុងការនាំចូលទំនិញរបស់ពីវៀតណាមទៀតនោះទេ ពិសេសតាំងពីពេលមានកូវីដ១៩រាតត្បាតមក។ ដើម្បីជំរុញការនាំចេញកសិផលប្រកបដោយនិរន្តរភាព វិស័យកសិកម្មក្នុងស្រុករបស់វៀតណាម ត្រូវផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម និងប្រតិបត្តិការនាំចេញ ព្រមទាំងជំរុញការត្រួតពិនិត្យគុណភាពផ្លែឈើឲ្យបានត្រឹមត្រូវ។
ក្នុងនោះផងដែរ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប្រទេសចិនបាននាំចូលទុរេនសរុបចំនួនជាង ៨ សែនតោន ក្នុងឆ្នាំ ២០២១ គិតជាទឹកប្រាក់ចំនួនប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក កើនជាង ២ ពាន់លានដុល្លារធៀបនឹងឆ្នាំ ២០២០។ តួរលេខនេះ គឺ បង្ហាញឲ្យឃើញពីឱកាសទីផ្សាដ៏ល្អប្រសើរក្នុងការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន។
ក្រសួងកសិកម្មវៀតណាមបានរាយការណ៍ថា ទិន្នផលទុរេនប្រចាំឆ្នាំរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦០ ម៉ឺនតោន ដែលបច្ចុប្បន្ន វៀតណាមមានផ្ទៃដីដាំទុរេនប្រហែល ៥ ម៉ឺន ទៅ ៦ ម៉ឺន ហិកតា សម្រាប់នាំចេញជាផ្លូវការ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន