ទីផ្សារទុរេន

ការនាំចេញទុរេនរបស់វៀតណាម ទៅចិន ដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមី


ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារចិន បានដាំក្បាលចុះយ៉ាងគំហុក ក្រោយចិន រឹតបន្តឹងវិធានការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាងដែលអាចបង្កជាជំងឺមហារីក ដែលធ្វើឱ្យទុរេនវៀតណាម ចាល់នៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ និងនៅលើទីផ្សារក្នុងស្រុក។ ជាក់ស្តែងការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារចិន នៅក្នុងរយៈពេល៤ខែឆ្នាំនេះ បានធ្លាក់ចុះពី៥០០លានដុល្លារ មកនៅត្រឹម១៣០លានដុល្លារ តែប៉ុណ្ណោះ។ បច្ចុប្បន្នអាជ្ញាធរវៀតណាម កំពុងដុតដៃដុតជើងសម្របសម្រួលជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហានេះ។
ទីផ្សារទុរេន
ដោយ

សារព័ត៌មាន Vietnam Plus បានចុះផ្សាយថា ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិន សម្រេចបានត្រឹមតែ៣៥ម៉ឺនតោន ជាមួយប្រាក់ចំណូល១៣០លានដុល្លារ តែប៉ុណ្ណោះ នៅ៤ខែឆ្នាំនេះ មានការធ្លាក់ចុះជាង៣០០លានដុល្លារ បើធៀបនឹងទំហំនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានរហូតដល់៥០០លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ដូ ឌឹកឌុយ (Do Duc Duy) រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយគយចិន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស ដែលកំពុងរារាំងយ៉ាងខ្លាំងដល់ការនាំចេញទុរេនរបស់វៀតណាម បន្ទាប់ពីបរិមាណដឹកជញ្ជូនធ្លាក់ចុះយ៉ាងខ្លាំងនៅដើមឆ្នាំ២០២៥។ ក្រសួងបានចាត់ទុកការដាំក្បាលចុះលើការនាំចេញទុរេនទៅកាន់ប្រទេសចិន ដោយសារកង្វះក្របខណ្ឌច្បាប់ច្បាស់លាស់ នីតិវិធីនៃការដាក់ចត្តាឡីស័ក និងការគ្រប់គ្រងគុណភាព ពាក់ព័ន្ធនឹងការចេញលេខកូដទំនិញនាំចេញ បរិក្ខារវេចខ្ចប់ និងមន្ទីរពិសោធន៍ ដែលមិនទាន់ឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

លោក ឌុយ បាននិយាយថា ការសម្របសម្រួលជាមួយអាជ្ញាធរគយចិន ធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយឧបសគ្គបច្ចេកទេស ដែលរារាំងការនាំចេញ ហើយក្រៅពីនោះប្រព័ន្ធច្បាប់គ្រប់គ្រងការនាំចេញកសិផលរបស់វៀតណាម ត្រូវតែធ្វើឱ្យប្រសើរឡើង រួមជាមួយនឹងស្តង់ដា​បច្ចេកទេសទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល ចាប់ពីការដាំដុះ និងការប្រមូលផល រហូតដល់ការកែច្នៃ និងនាំចេញ។

លោកបានសង្កត់ធ្ងន់ថា ការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មទុរេនឡើងវិញឆ្ពោះទៅរកនិរន្តរភាពជាតម្រូវការចាំបាច់សម្រាប់វៀតណាម ហើយ​លោក បានលើកទឹកចិត្តដល់ការអភិវឌ្ឍ​ផលិតផលទុរេនដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសទុរេនកក ដើម្បីបង្កើនតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញទុរេនស្រស់។

បច្ចុប្បន្នតម្លៃទុរេននៅលើទីផ្សារវៀតណាម ត្រូវបានលក់ចេញចន្លោះពី៥ពាន់រៀល ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម តែប៉ុណ្ណោះ ស្មើនឹង១ភាគ៣នៃតម្លៃទុរេន ដែលកសិករវៀតណាមទទួលបានកាលពីឆ្នាំទៅ។ ទន្ទឹមនឹងជួបបញ្ហាទុរេនចាល់នៅលើទីផ្សារ វៀតណាម ក៏កំពុងជួបបញ្ហាការហូរចូលទុរេនមានផ្ទុកសារធាតុគីមីពីប្រទេសថៃ ដែលមានតម្លៃជិត៤លានដុល្លារផងដែរ។ នៅពេលនេះជនសង្ស័យ២នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេតដោយម្នាក់ត្រូវចាប់ខ្លួន និងម្នាក់ត្រូវបានឃុំឃាំងនៅផ្ទះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូនកម្ពុជា អាចរងផលប៉ះពាល់កម្រិតណា បើអាម៉េរិក មិនបញ្ចុះពន្ធបដិការ?

វិស័យដឹកជញ្ជូនរបស់កម្ពុជា អាចនឹងមានភាពប្រែប្រួលខ្លាំង និងប្រឈមនឹងការចំណាយខ្ពស់ជាងមុន ប្រសិនបើអាម៉េរិក មិនបន្ធូរបន្ថយពន្ធបដិការលើទំនិញនា…

ធនាគារកណ្ដាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ស្របពេលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា

ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងក្រឡាប់ចាក់កាន់តែខ្លាំង ធនាគារកណ្តាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ដើម្បីធ្វើពិពិធកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ