ការកើនឡើងនៅផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមត្រូវបានរដ្ឋាភិបាលក្រុងហាណូយ អះអាង ដោយសុទិដ្ឋិនិយមថា ជាញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ជាតិនៅពេញមួយឆ្នាំនេះ ដោយសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ នៅតែបន្តរីកចម្រើន ជាពិសេសលើការនាំចេញទូរសព្ទស្មាតហ្វូន និង ផលិតផលឧស្សាហកម្មផ្សេងទៀត បើទោះបីជាមានការរីករាលដាលកូវីដ-១៩ ក្នុងចំណោមកម្មកររោងចក្រ នៅភាគខាងជើងនៃប្រទេសក៏ដោយ។
ជាក់ស្តែង ការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិក ក្នុង៦ខែឆ្នាំ២០២១បានហក់ឡើងដល់ទៅជាង៤០% ស្មើនឹងទឹកប្រាក់ប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចេញសរុបជារួមក៏បានកើនឡើងជិត ៣០%ដូចគ្នា ស្មើនឹងទឹកប្រាក់ជិត ១៦០ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្នុងទំហំនាំចេញនេះ ផលិតផលរបស់ក្រុមហ៊ុនទូរសព្ទស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិកកូរ៉េខាងត្បូង សាំសុង តំណាងឲ្យជាង ២០%នៃទំហំនាំចេញទាំងអស់ ស្របពេលដែលការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញផ្សេងទៀតទៅកាន់អឺរ៉ុបក៏បានកើនឡើងផងដែរ ដោយសារតែវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដែលបានចូលជាធរមានកាលពីឆ្នាំ២០២០។
ទោះបីជាកូវីដ១៩ប្រភេទថ្មី ឌែលតា មានការរីករាលដាលនៅតាមបណ្តារោងចក្រ និងសហគ្រាសផលិត និង ផ្គត់ផ្គង់វត្ថុធាតុដើមនៅខេត្តបាក់ហ្សាង និង បាក់នេញ ភាគខាងជើងប្រទេសវៀតណាម កាលពីចុងខែមេសា ក្តី ប៉ុន្តែការនាំចេញរបស់វៀតណាមនៅតែរក្សាបានភាពធន់ ដែលបានដឹកនាំសេដ្ឋកិច្ចរបស់វៀតណាមឈានទៅរកកំណើនល្អ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមនៅឆមាសទី១ ឆ្នាំ២០២១ មានកំណើន ៥,៦% ខណៈធនាគារអភិវឌ្ឍអាស៊ីបានព្យាករកាលពីខែមេសាថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនដល់ជិត ៧%នៅពេញមួយឆ្នាំ២០២១នេះ៕