វិស័យទេសចរណ៍

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចាប់ដៃជាមួយកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីជំរុញកំណើនភ្ញៀវទេសចរ


ក្រុមហ៊ុន វីរៈ ប៊ុនថាំ រំពឹងអាចទាក់ទាញភ្ញៀវទេសរចរជាតិ និងអន្តរជាតិបានប្រមាណ៥០ម៉ឺននាក់នៅក្នុងឆ្នាំ២០២៥ និងប្រមាណ១លាននាក់នៅក្នុងឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុននេះបានកិច្ចសហប្រតិបត្តិជាមួយក្រុមហ៊ុនមួយ ដើម្បីបើកប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន។ អ្នកជំនាញក្នុងវិស័យទេសរចណ៍លើកទឹកចិត្តឱ្យក្រុមហ៊ុននាវាទេសរចណ៍នានា ចូលរួមបន្ថែមទៀត ជាមួយកំពង់ផែទេសចរណ៍អន្តរជាតិនេះ សំដៅជួយជំរុញឱ្យវិស័យទេសរចណ៍តាមផ្លូវទឹករបស់កម្ពុជាកាន់តែមានភាពសម្បូរបែប។
វិស័យទេសចរណ៍
ដោយ

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបោះជំហានចូលទៅក្នុងវិស័យទេសចរណ៍មួយជំហានទៀតហើយ តាមរយៈការដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដំបូងគេ សម្រាប់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន វីរៈប៊ុនថាំ ក៏បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group លើការបើកអាជីវកម្មជាផ្លូវការកំពង់ផែអន្តរជាតិកំពត និងសេវាកម្មទូកល្បឿនលឿន ក្រោយក្រុមហ៊ុនខ្លួនមើលឃើញពីសក្តានុពល និងលក្ខណៈពិសេសៗ សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិភ្ជាប់ពីខេត្តកំពត ទៅកាន់បណ្តាកោះនានា និងទៅកាន់ពិភពលោក ដែលនឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដោយបានរំពឹងថា តាមរយ:កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានប្រមាណ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង១លាននាក់ក្នុងឆ្នាំ២០២៦ ខាងមុខ។

ពាក់ព័ន្ធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតភ្ជាប់គោលដៅទេសចរណ៍រវាងកម្ពុជា វៀតណាម និងថៃ ដែលភាគីពាក់ព័ន្ធត្រូវគិតគូរ និងរៀបចំផែនការបន្ថែមទៀត ដើម្បីជំរុញការតភ្ជាប់ទេសចរមកកាន់កំពង់ផែនេះបានកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះ អ្នកជំនាញរូបនេះ ក៏បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននាវាចរណ៍នានានៅកម្ពុជា ចូលរួមជាមួយកំពង់ផែទេសរចណ៍អន្តរជាតិខេត្តកំពតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជំរុញឱ្យវិស័យទេសរចណ៍តាមផ្លូវទឹករបស់កម្ពុជាកាន់តែសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។

គួរជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទុនវិនិយោគជាង៩លានដុល្លា ត្រូវបាន ដាក់ឱ្យដំណើរសាកល្បងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រោយពីអាក់ខានក្នុងការដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០២២ មក៕




អត្ថបទបន្ទាប់


តើកម្ពុជាគួរពិចារណាចូលរួមជាមួយប្លុកសេដ្ឋកិច្ច BRICS ដូចបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ានដែរឬទេ?

ប្រទេសធំៗមួយចំនួននៅក្នុងតំបន់អាស៊ានដូចជាឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ីជាដើម សុទ្ធតែបានបង្ហាញបំណងចង់ចូលរួមជាមួយប្លុកសេដ្ឋកិច្ច BRICS ដែលមា…

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានច្បាប់ដែលចាត់ទុកបុគ្គល ឬក្រុមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាភេរវករ តើអ្នកជំនាញមានការយល់យ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ថ្មីមួយ ដែលចាត់ទុកក្រុម ឬបុគ្គលណាដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ