វិស័យដឹកជញ្ជូន

ក្រុមហ៊ុនវីរៈប៊ុនថាំ នឹងដំណើរកប៉ាល់ដឹកអ្នកដំណើរល្បឿនលឿនពីកំពង់ផែទេសចរណ៍អន្តរជាតិ កំពត ទៅកោះចំនួន៣ ដើម្បីទាក់ទាញភ្ញៀវទេសចរ


ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា បានបោះជំហានបន្ថែមទៀតហើយ តាមរយៈការដាក់ឱ្យដំណើរការ កប៉ាល់ដឹកអ្នកដំណើរទំនើប សម្រាប់ដឹកអ្នកដំណើរទៅមករវាងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត និងគោលដៅកោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ។ ថ្នាក់ដឹកនាំហ៊ុននេះរំពឹងថា តាមរយៈការបើកជើងដឹកអ្នកដំណើរថ្មីនេះ វានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅខេត្តជាប់សមុទ្ររបស់កម្ពុជា កាន់តែច្រើនបន្ថែមទៀត។
វិស័យដឹកជញ្ជូន
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស បានគូសបញ្ជាក់ថា ដើម្បីតភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រកម្ពុជា ឱ្យកាន់តែងាយស្រួលបន្ថែមទៀតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងដាក់ឱ្យដំណើរការកប៉ាល់ដឹកអ្នកដំណើរទំនើបរវាងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ឆ្ពោះទៅកាន់គោលដៅកោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច។ ការធ្វើដំណើរតាមរយៈកប៉ាល់ទំនើបនេះ គឺចំណាយរយៈពេលប្រមាណ២ម៉ោងរវាងកំពង់ផែទេសចរណ៍កំពត ទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម ជាមួយតម្លៃសំបុត្រក្នុងម្នាក់២៥ដុល្លារ​។ ដោយឡែកសម្រាប់គោលដៅកោះស្តេច ចំណាយរយៈពេលធ្វើដំណើរប្រមាណ៣ម៉ោងជាមួយតម្លៃសំបុត្រ២៨ដុល្លារម្នាក់។

​អ្នកឧកញ៉ា សួរ វីរៈ រំពឹងថា តាមរយៈការបើកដំណើរការផ្លូវទេសចរណ៍ថ្មីនេះ វានឹងជួយជំរុញ និងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តនៅបណ្តាខេត្កជាប់មាត់សមុទ្រកម្ពុជា កាន់តែច្រើនថែមទៀត ដ្បិតថាការធ្វើដំណើរតាមរយៈកប៉ាល់ទំនើបនេះ ជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេបានប្រមាណជាង២ម៉ោង បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក។ ថ្នាក់ដឹកនាំរូបនេះ ក៏រំពឹងដែរថា ក្រុមហ៊ុនខ្លួននឹងអាចបើកដំណើរការជាផ្លូវការនូវជើងធ្វើដំណើរទៅមករវាងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត និងកោះត្រល់នាពេលឆាប់ៗនេះផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ចូលមកនៅកម្ពុជា បន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងរង់ចាំការរៀបចំនីតិវិធីជាមួយភាគីវៀតណាម ដើម្បីរៀបចំដាក់ប៉ុស្តិ៍អន្តោប្រវេសន៍។

​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នការធ្វើដំណើររបស់ភ្ញៀវទេសចរចូលមកកម្ពុជា តាមរយៈផ្លូវទឹកហាក់នៅមានកម្រិតនៅឡើយ ពោលគឺពុំទាន់បានរួមចំណែកច្រើននៅក្នុងសេដ្ឋកិច្ចនោះទេ។ អ្នកជំនាញរូបនេះ រំពឹងថា ការតភ្ជាប់ជើងធ្វើដំណើរតាមផ្លូវទឹកនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រកម្ពុជា នឹងមានកាន់តែច្រើននាពេលខាងមុខ ខណៈបច្ចុប្បន្នសមាគមរបស់លោក ក៏កំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តាមផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនផងដែរ។ ​

គួរជម្រាបថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស បានដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ទំនើបដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ដោយការធ្វើដំណើរតាមរយៈកប៉ាល់ទំនើបនេះ គឺចំណាយរយៈពេលត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ជាថ្មីម្តងទៀត Vietjet ត្រូវបានបានផ្តល់កិត្តិយសជា "ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុតរបស់ពិភពលោក"

(ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥) – Vietjet ត្រូវបានដាក់ឈ្មោះថាជា "ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត" សម្រាប់ឆ្នាំ ២០…

ចិន មិនបានបង្ហាញការគាំទ្រចំពោះផែនការរបស់ថៃ ដែលអនុញ្ញាតឱ្យសាងសង់កាស៊ីណូដោយស្របច្បាប់

រដ្ឋាភិបាលថៃ ដែលគាំទ្រឲ្យដំណើរការកសាងកាស៊ីណូនៅក្នុងប្រទេសដោយស្របច្បាប់ បានបង្ហាញគម្រោងនេះទៅមេដឹកនាំចិន នៅក្នុងអំឡុងពេលលោកស្រី ផែថងថាន ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ