ក្រសួងហិរញ្ញវត្ថុវៀតណាម បានបញ្ជាក់ថា ប្រាក់ចំណូលថវិកាជាតិនៅក្នុងឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះជាង ៦,៤ពាន់លានដុល្លារអាមេរិក ដោយសារតែមេរោគកូវីដ១៩ ហើយវាអាចនឹងធ្លាក់ចុះខ្លាំងជាងនេះទៅទៀត បើសិនជា GDP របស់វៀតណាម ស្ថិតក្រោមអត្រា ៥% ដូចការព្យាករណ៍របស់ អង្គការអន្តរជាតិមួយចំនួននោះ។
អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានស្នើដល់ នាយកដ្ឋានពន្ធដារក្នុងស្រុកទាំងអស់ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង អនុវត្តអនុក្រឹតរបស់រដ្ឋាភិបាល ចុះកាលពីថ្ងៃទី ៨ ខែមេសានេះ អំពីការពន្យារពេលកំណត់សម្រាប់ការបង់ថ្លៃពន្ធ និងការប្រើប្រាស់ដីធ្លី។
បើតាមតួលេខពី អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានឲ្យដឹងថា មានការដាក់ពាក្យស្នើសុំពន្យារបង់ពន្ធ រហូតដល់ទៅ ៩ម៉ឺនករណីឯណោះ ដែលមានតម្លៃសរុបជាង ១ពាន់លានដុល្លារអាមេរិក។
ប្រាក់ចំណូលពីការនាំចេញ នាំចូលរបស់វៀតណាម ក្នុងរយៈពេល ៤ខែនេះ គឺមានប្រមាណ ២,៧ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ១៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបដែរថា ប្រាក់ចំណូលជាតិ ដែលមានការធ្លាក់ចុះនេះ ត្រូវបានគេសន្មតថា គឺបណ្តាលមកពីវិស័យសំខាន់ៗ រងផលប៉ះពាល់ពី មេរោគកូវីដ១៩ ដូចជាវិស័យសេវាកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងដឹកជញ្ជូន៕