ការជួបពិភាក្សាគ្នារវាងកំពូលមេដឹកនាំរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតនេះ គឺធ្វើឡើង នៅក្រោយពេលដែលលោកចូបៃឌិន ប្រធានាធិបតីអាមេរិក ក៏ទើបតែបានធ្វើដំណើរទៅកាន់ប្រទេសតំបន់មជ្ឈិមបូព៌ានេះផងដែរ ប៉ុន្ដែ មិនមានសម្រេចនូវកិច្ចព្រមព្រៀងរួមគ្នាណាមួយនោះឡើយ។
កិច្ចសន្ទនាតាមរយៈទូរស័ព្ទ រវាងលោកពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកម៉ូហាមេដ ប៊ីន សាលមេនបានធ្វើឡើងប្រាំមួយថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះក៏មានសម្ព័ន្ធមិត្តប្រវត្តិសាស្រ្ត គឺប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធានាសន្តិសុខ និងចុះកិច្ចសន្យាប្រេង តែត្រូវបានទទួលបរាជ័យទាំងស្រុង។
ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានចាត់ទុកអារ៉ាប៊ីសាអូឌីត ជាប្រទេសដ៏មានសារៈសំខាន់បំផុត ក្នុងការជំរុញផលិតកម្មប្រេង ដើម្បីបន្ធូរបន្ថយអតិផរណាប្រេងសាកល ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន ព្រោះប្រទេសនេះ ជាអ្នកផ្គត់ផ្គង់ទីផ្សារប្រេងពិភពលោកដ៏ធំមួយដែរ។
សូមរំលឹកឡើងវិញថា នៅថ្ងៃទី២ ខែមិថុនាកន្លងទៅ ក្រុមប្រទេសអ្នកនាំចេញប្រេងធំៗទាំង ១៣ (OPEC+) ដែលដឹកនាំដោយរុស្សីបានជួបប្រជុំគ្នា ដើម្បីបង្កើនទិន្ធផលប្រេងលើសពីការរំពឹងទុក ក្នុងការផ្គត់ផ្គង់ទីផ្សារប្រេងសាកលក្នុងអំឡុងពេលវិបត្តិសង្គ្រាមនោះ។ ហើយក្រោយការប្រជុំ ប្រភពមួយបានប្រាប់រ៉យទ័រថា អារ៉ាប៊ីសាអូឌីត បានពិគ្រោះយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី មុនពេលជំរុញឱ្យមានការដំឡើងផលិតកម្មប្រេង។
ទោះជាយ៉ាងណា ទីក្រុងរីយ៉ាដចង់រក្សារុស្ស៊ីនៅលើជាដៃគូ ដើម្បីបង្កើនទិន្នផលប្រេងនៅក្នុងទីផ្សារ ខណៈពេលដែលទីក្រុងម៉ូស្គូទទួលផលប្រយោជន៍មិនតិចទេពីអង្គការ OPEC+ ស្របពេលដែលប្រទេសលោកខាងលិចកំពុងរិះរកវិធីគ្រប់បែបយ៉ាងដើម្បីសង្កត់កសេដ្ឋកិច្ចរុស្សី ដែលជាដង្ហើមក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ។
លើសពីនេះទៅទៀត វិមានក្រឹមឡាំងបានបន្ថែមនៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយអារ៉ាប៊ីសាអូឌីតថា «ស្ថានភាពបច្ចុប្បន្ននៃលើទីផ្សារប្រេងពិភពលោកគួរតែត្រូវពិចារណាឲ្យបានល្អិតល្អន់ ជាពិសេសក្របខណ្ឌនៃអង្គការ OPEC+ តែម្តង»។
គួរជម្រាបត្រួសៗថា លោក Biden បានបញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកកាលពីសប្តាហ៍មុន ដោយមិនបានចេញសេចក្តីថ្លែងការណ៍អ្វីនោះទេ ជាមួយអារ៉ាប៊ីសាអូឌីត និងប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ផ្សេងទៀត ក្នុងការជំរុញឲ្យប្រទេសផលិតប្រេងទាំងនោះ បង្កើនផលិតកម្មរបស់ខ្លួន ដើម្បីទប់ទល់អតិផរណាសកល។
ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ហ្វៃសាល ប៊ីន (Faisal bin Farhan Al Saud) បាននិយាយថា បញ្ហាប្រេងមិនត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អារ៉ាប់នៅថ្ងៃសៅរ៍សប្តាហ៍មុនទេ ហើយអង្គការ OPEC+ គ្រោងជួបគ្នាម្ដងទៀតនៅថ្ងៃទី៣ ខែសីហាខាងមុខ ដើម្បីធ្វើអ្វីដែលចាំបាច់ជុំវិញបញ្ហាប្រេងសកលនេះ៕