ភ្ជាប់នឹងការព្យាករនេះ ធនាគារពិភពលោកក៏និយាយផងដែរថា វៀតណាមត្រូវការទឹកប្រាក់ ១៥០ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ឲ្យឆ្លើយតបនឹងតម្រូវការកើនឡើងនៃការប្រើប្រាស់ថាមពលនៅក្នុងប្រទេស។
ថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការអភិវឌ្ឍន៍អគ្គិសនីជាតិ ដោយគ្រោងនឹងផលិតថាមពលអគ្គិសនី ១៣ម៉ឺនមេហ្គាវ៉ាត់ នៅឆ្នាំ២០៣០ ខាងមុខ។ ចំនួននេះបានកើនឡើងយ៉ាងខ្ពស់ ពីបរិមាណ ៤ម៉ឺន ៧ពាន់មេហ្គាវ៉ាត់ ដែលកំពុងផលិតបាននាពេលបច្ចុប្បន្ន។
អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក ហួង កុច វួង បានលើកឡើងថា ការអភិវឌ្ឍអគ្គិសនីជាតិវៀតណាមនេះ ត្រូវការចំណាយច្រើនណាស់ ដើម្បីរៀបចំការផលិតថាមពលជាង ៨ម៉ឺន ៣ពាន់មេហ្គាវ៉ាត់ បន្ថែមទៀត គួបផ្សំនឹងបណ្តាញចែកចាយថាមពលអគ្គិសនីនេះ ដើម្បីអាចសម្រេចនូវផែនការរបស់រដ្ឋាភិបាលបាន។
លោកបន្តថា សព្វថ្ងៃនេះ ប្រទេសវៀតណាមពឹងផ្អែកស្ទើរតែទាំងស្រុងលើវារីអគ្គិសនី និងរោងចក្រផលិតថាមពលអគ្គិសនីដោយកម្តៅ ក៏ប៉ុន្តែវៀតណាមបានប្រើប្រាស់សក្តានុពលវារីអគ្គិសនី ស្ទើរតែអស់លទ្ធភាពទៅហើយ ខណៈដែលស្តុកប្រេងនិងហ្គាសសម្រាប់ដុតកម្តៅ ក៏នៅសល់តិចតួចដែរ។ តម្រូវការប្រើប្រាស់ថាមពលទាំងនេះបានកើនឡើង ២ដង លើសពីផលិតផលក្នុងស្រុកសរុបទៅទៀត ពោលគឺកើនប្រមាណ ១៤ភាគរយ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលវៀតណាម ទាំងផ្នែកហិរញ្ញវត្ថុ និងយន្តការដោះស្រាយបញ្ហានេះ។
បើទោះបីជាប្រទេសវៀតណាម មានតម្លៃអគ្គិសនីថោកជាងបណ្តាប្រទេសក្នុងតំបន់ក៏ដោយ តម្លៃអគ្គិសនីនៅតែបន្តកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ កើនឡើងជិត ១០ឆ្នាំទៅហើយ ដោយសារការផ្គត់ផ្គង់ក្នុងស្រុក មិនទាន់អាចបំពេញតម្រូវការបាន និងខ្វះការវិនិយោគបន្ថែម នៅក្នុងវិស័យនេះ។
គួរជម្រាបដែរថា តម្លៃអគ្គិសនីនៅវៀតណាមបានកើនឡើងជាង ១០ឆ្នាំមកហើយ ចាប់ពី ៤,១សេនដុល្លារអាមេរិក មកដល់តម្លៃចុងក្រោយនេះគឺ ៨សេនដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលធ្វើឲ្យតម្លៃនេះ ស្មើនឹងតម្លៃអគ្គិសនីនៅក្នុងប្រទេសចិននិងឥណ្ឌា ប៉ុន្តែ យ៉ាងណាក៏នៅតែទាបជាង ប្រទេសឡាវ ឥណ្ឌូនេស៊ី និងកម្ពុជា ដែរ៕