នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម ដែលបានចេញផ្សាយនៅក្នុងគេហទំព័រ Vietnam Express កាលពីពេលថ្មីៗនេះ។
តាមរបាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមនៅ៣ខែដើមឆ្នាំនេះ បានកើនឡើងដល់ជាង ៥៤ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលវិញ សម្រេចបានប្រមាណជាង ៥៣ពាន់លានដុល្លារអាមេរិក ពោលគឺជាលទ្ធផលបានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់វៀតណាម សម្រេចបានប្រមាណ ១,៣ពាន់លានដុល្លារអាមេរិក។
ក្នុងនោះ ផលិតផលទូរស័ព្ទនិងគ្រឿងបន្លាស់ ត្រូវបានកត់សម្គាល់ឃើញថា ជាផលិតផលក្នុងលំដាប់កំពូលមួយនៃការនាំចេញរបស់វៀតណាម ពោលគឺគិតជាទឹកប្រាក់មានប្រមាណ ជាង ១២ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥៦% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមពីនេះ ផលិតផលវាយនភណ្ឌ និងគ្រឿងបង្គុំអេឡិចត្រូនិក ក៏បាននាំមកនូវទឹកប្រាក់សរុបជាង ៦ពាន់លានដុល្លារអាមេរិកផងដែរ។
សូមជម្រាបថា ចំណូលពីការនាំចេញរបស់វៀតណាម ឆ្នាំ២០១៧ មានការកើនឡើង ២១% ធៀបនឹងឆ្នាំ២០១៦ ពោលគឺគិតជាទឹកប្រាក់មានប្រមាណជាង ២១៣ពាន់លានដុល្លារអាមេរិក ដែលជាចំនួនមួយខ្ពស់ គិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ហើយនៅឆ្នាំទៀតសោត រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តថា នឹងពង្រីកកំណើននាំចេញរបស់ខ្លួនឲ្យកើនឡើងពី ៧ ទៅ ៨% បន្ថែមទៀត៕