សារព័ត៌មាន Matichon របស់ថៃ បានរាយការណ៍ថា កងកម្លាំងចម្រុះរបស់ថៃ បានឆ្មក់ចូលឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយចំនួន៨កន្លែង ក្នុងនោះនៅខេត្តឈុនបុរី ៥កន្លែង ទីក្រុងបាងកក២កន្លែង និងខេត្តសាមុតប្រាកាន ចំនួន១កន្លែង។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញស្រាក្លែងក្លាយបន្លំម៉ាកល្បីៗរបស់បរទេសជាង៦,៧០០ដប រួមទាំងឧបករណ៍ផលិត និងវត្ថុតាងជាច្រើនទៀត។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងកំពុងពង្រីកការស៊ើបអង្កេតស្វែងរកមេខ្លោងធំបន្ថែមទៀត។
បញ្ហានេះបានធ្វើឱ្យពលរដ្ឋចោទជាសំណួរចំៗទៅកាន់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃពីភាពធូរលុង និងខ្វះប្រសិទ្ធភាពក្នុងការគ្រប់គ្រងទីផ្សារ។ អ្វីដែលគួរឱ្យបារម្ភនោះ អាជ្ញាធរថៃបានអះអាងថា ស្រាក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះមិនត្រឹមតែចែកចាយនៅក្នុងតំបន់ទេសចរណ៍របស់ថៃនោះទេ ថែមទាំងត្រូវបាននាំចេញឆ្លងដែនខុសច្បាប់ចូលទៅកាន់ប្រទេសជិតខាងថែមទៀតផង។
ទោះបីស្រាក្លែងក្លាយទាំងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ តែអាជ្ញាធរថៃមិនបានបង្ហាញឈ្មោះ ឬម៉ាកយីហោរបស់ស្រាទាំងនោះជាសាធារណៈនោះទេ ដែលនេះត្រូវបានគេមើលឃើញថា ជាការលាក់បាំងព័ត៌មាន និងខ្វះតម្លាភាពក្នុងការការពារសុវត្ថិភាពរបស់ពលរដ្ឋ និងភ្ញៀវទេសចរបរទេស។
គួរបញ្ជាក់ថា ការបើកប្រតិបត្តិការស៊ើបអង្កេត និងឆ្មក់បង្ក្រាបបណ្តាញផលិត និងចែកចាយស្រាក្លែងក្លាយខាងលើបានកើតឡើងក្រោយមានការសង្ស័យលើហាងលក់ទំនិញមួយកន្លែងនៅក្នុងខេត្តទេសចរណ៍ដ៏ល្បីល្បាញ គឺខេត្តឈុនប៊ុរី។ អ្វីដែលគួរឱ្យកត់សម្គាល់ និងជារឿងដដែលៗនៅក្នុងសង្គមថៃនោះ គឺក្រុមជនល្មើសបានបែងចែកការងារគ្នាធ្វើជាប្រព័ន្ធ និងដំណើរការខ្សែច្រវាក់ខុសច្បាប់នេះយ៉ាងរលូនតាំងពីការទិញវត្ថុធាតុដើមគីមីក្លែងក្លាយ ទីតាំងផលិត ឃ្លាំងស្តុករហូតដល់បណ្តាញចែកចាយ ដើម្បីបន្លំភ្នែក និងគេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។ ស្រាក្លែងក្លាយបំពុលសង្គមទាំងនោះត្រូវបានយកទៅបោះដុំក្នុងតម្លៃថោកខុសធម្មតានៅតាមហាងនានាពាសពេញតំបន់ទេសចរណ៍ភាគខាងកើត ដែលជាកន្លែងប្រមូលផ្តុំដោយជនបរទេស៕
អត្ថបទៈ សួន ឡង់ទី