លោក អានុទីន បានព្រមានថា ប្រសិនបើថៃ មិនអាចទប់ស្កាត់ការរត់ពន្ធកញ្ឆាបានទេ ប្រទេសថៃនឹងស្អុយឈ្មោះក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន គឺជាមេដឹកនាំជំរុញឱ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនក្នុងឆ្នាំ២០២២ ហើយដាក់ឱ្យវាស្របច្បាប់បានប្រកាសទាំងមោទកភាពកាលពីពេលកន្លងទៅថា ឧស្សាហកម្មកញ្ឆានឹងជួយជំរុញសេដ្ឋកិច្ច និងវិស័យវេជ្ជសាស្ត្រថៃ។ ប៉ុន្តែនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ហាងលក់កញ្ឆាបានរីកដូចផ្សិតពាសពេញប្រទេសថៃ ខណៈការប្រើប្រាស់ដើម្បីកម្សាន្តអារម្មណ៍ក៏បានកើនឡើងខ្លាំង ហើយកញ្ឆានាំចេញពីថៃ ក៏បានហូរចេញទៅកាន់ទីផ្សារនៅបរទេសដោយខុសច្បាប់យ៉ាងគំហុក។
កត្តានេះបានជំរុញឱ្យលោក អានុទីន ខ្ជាក់ហើយលេបវិញដោយបានទទួលស្គាល់ថា ប្រសិនបើវិធានការរបស់រដ្ឋាភិបាលនៅតែមិនអាចទប់ស្កាត់ការរត់ពន្ធកញ្ឆាបានទេនោះ លោកនឹងបិទឧស្សាហកម្មកញ្ឆាទាំងស្រុងតែម្ដង ព្រោះមិនចង់ឱ្យបណ្តាប្រទេសផ្សេងទៀតចោទថា ថៃ ជាប្រភពនៃការរត់ពន្ធគ្រឿងញៀន។ ការព្រមាននេះកើតឡើងបន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់ បង្ក្រាបកញ្ឆារត់ពន្ធពីប្រទេសថៃ បានជាង១,២តោន, ឥណ្ឌូនេស៊ី បានជាង៣,៣តោន និងចាប់ខ្លួនមនុស្ស១២នាក់ ខណៈអង់គ្លេស និងហុងកុង ក៏បានចាប់ខ្លួនអ្នកដំណើរជាបន្តបន្ទាប់ដែលលួចដឹកកញ្ឆាចេញពីប្រទេសថៃ ផងដែរ។
អ្នកវិភាគមួយចំនួនមើលឃើញថា គោលនយោបាយកញ្ឆាដោយគ្មានច្បាប់គ្រប់គ្រងរឹងមាំរបស់ថៃ បានបង្កើតចន្លោះឱ្យបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនចូលមកទាញយកផលប្រយោជន៍ ខណៈកសិករជាច្រើនដែលធ្លាប់សង្ឃឹមរកចំណូលពីកញ្ឆាក៏ប្រឈមការខាតបង់ដោយសារកញ្ឆាធ្លាក់ថ្លៃយ៉ាងខ្លាំង។ បច្ចុប្បន្នរដ្ឋាភិបាលថៃ កំពុងពិចារណារឹតបន្តឹងច្បាប់ និងពិនិត្យលទ្ធភាពដាក់កញ្ឆាឱ្យក្លាយជាគ្រឿងញៀនខុសច្បាប់ឡើងវិញ ប្រសិនបើវិបត្តិរត់ពន្ធ និងការប្រើប្រាស់កញ្ឆាខុសគោលបំណងនៅតែបន្តកើនឡើង៕
ដោយ: តែម សុខុម