យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times ដើម្បីបើកសមរភូមិប្រជែងជាមួយសិង្ហបុរី កោះហុងកុង បានចាប់ផ្តើមប្រតិបត្តិការសាកល្បងនូវប្រព័ន្ធទូទាត់មាសថ្មីមួយ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនក្នុងស្រូបទាញវិនិយោគិន។ ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់មាសថ្មីនេះ ទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ធនាគារធំៗជាច្រើន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ហុងកុង ក្នុងការស្រូបយកចរន្តជួញដូរមាសដ៏មហាសាលនៅក្នុងតំបន់អាស៊ី។ លោក ចន លី (John Lee) នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុងបានអះអាងនៅថ្ងៃទី៧ ខែកក្កដា ថា យន្តការថ្មីនេះនឹងជួយកសាងគ្រឹះស្ថាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កោះហុងកុង ក្នុងការបង្កើនឥទ្ធិពល និងចូលរួមចំណែកយ៉ាងជ្រៅទៅក្នុងចរន្ត នៃការជួញដូរមាសសកល។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា អ្វីដែលកោះហុងកុង កំពុងធ្វើនៅពេលនេះមិនមែនគ្រាន់តែជាការបង្កើតទីផ្សារជួញដូរមាសធម្មតានោះទេ ប៉ុន្តែគឺជាការស្ថាបនាប្រព័ន្ធអេកូឡូស៊ីគ្រប់គ្រងមួយដ៏ទូលំទូលាយ ដើម្បីធានាថា ចរន្តសាច់ប្រាក់ និងមាសរបស់កោះនេះមានភាពសកម្មខ្លាំងក្លា សំដៅទាក់ទាញវិនិយោគិន ធនាគារកណ្តាល និងពាណិជ្ជករមាសកម្រិតតំបន់ និងអន្តរជាតិ។
អាជ្ញាធរទីក្រុងប៉េកាំង និងហុងកុង បានប្រកាសដាក់ចេញនូវវិធានការយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការជួញដូររូបិយប័ណ្ណ មូលបត្របំណុល និងមាសនៅហុងកុង។ សកម្មភាពនេះបានបង្ហាញពីការបង្កើនកិច្ចខិតខំប្រឹងប្រែងរវាងចិនដីគោក និងហុងកុង ក្នុងការរុញច្រានទីក្រុងមួយនេះឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាពលុយយន់ឈានមុខគេនៅក្រៅប្រទេស ចំពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាម៉េរិក កំពុងតែកើនកម្តៅ។ តាមរយៈការចាប់ដៃគ្នារវាងទីក្រុងប៉េកាំង និងកោះហុងកុង ពួកគេកំពុងតែកសាងប្រព័ន្ធអេកូឡូស៊ីជួញដូរមាសដ៏រឹងមាំ ទូលំទូលាយ និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ពិភពលោកទាំងមូល៕
ដោយៈ សរ សុជាតិ