នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលចេញផ្សាយនៅដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងចំណាស់បំផុតមួយរបស់ពិភពលោកបានបង្ហាញពីតម្រុយគួរភ្ញាក់ផ្អើល ជុំវិញការអាចឈានទៅរកការបិទរោងចក្រផលិតរថយន្តនៅអាល្លឺម៉ង់ ដែលជាទឹកដីកំណើនរបស់ខ្លួន។ លោក អូលីវ័ ប្លូម ( Oliver Blume) នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group បានអះអាងថា ឧស្សាហកម្មរថយន្តនៅអឺរ៉ុប កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនបំផុត ខណៈបរិយាកាសសេដ្ឋកិច្ចកាន់តែតឹងតែង ហើយដៃគូប្រកួតប្រជែងថ្មីៗ ពិសេសចិន កំពុងចូលក្នុងទីផ្សារអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ តែម្តង។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ក្រុមហ៊ុន Volkswagen នៅពេលនេះកំពុងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរហូតដល់ទៅជាង១១ពាន់លានដុល្លារ ស្របពេលក្រុមហ៊ុននេះកំពុងបាត់បង់ចំណែកទីផ្សារនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ខ្លួន។ ជាក់ស្តែងនៅក្នុងឆមាសទី១ឆ្នាំនេះ ការដឹកជញ្ជូនរថយន្តរបស់ក្រុមហ៊ុននេះទៅលក់ក្នុងប្រទេសចិន បានធ្លាក់ចុះ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលនាំឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះ១១,៤% មកនៅត្រឹមជាង១១ពាន់លានដុល្លារតែប៉ុណ្ណោះ។
ការធ្លាក់ចុះបរិមាណលក់របស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសចិន គឺដោយសារមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក ជាពិសេសក្រុមហ៊ុន BYD ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងដល់អាជីវកម្មរបស់ខ្លួននៅអឺរ៉ុប។
សហជីព IG Metall ដែលជាសហជីពដ៏មានឥទ្ធិពលមួយនៅប្រទេសអាល្លឺម៉ង់ បានស្តីបន្ទោសការធ្លាក់ចុះបរិមាណលក់របស់ក្រុមហ៊ុននេះ គឺដោយសារការគ្រប់គ្រងមិនបានល្អ ហើយប្តេជ្ញានឹងតស៊ូការពារការងាររបស់កម្មករ។ បច្ចុប្បន្នក្រុមហ៊ុន Volkswagen មានបុគ្គលិកជិត៦៨ម៉ឺននាក់ នៅទូទាំងពិភពលោក រួមទាំងជិត៣០ម៉ឺននាក់ នៅក្នុងប្រទេសអាល្លឺម៉ង់៕
ដោយៈ សរ សុជាតិ