ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ គឺជាត្រីវិស័យតម្រង់ទិសយ៉ាងសំខាន់ ដើម្បីធានាឱ្យការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិមានប្រព័ន្ធការងាររឹងមាំ និងសម្រេចបានលទ្ធផលជាក់ស្តែង។ ឯកឧត្តម បានពន្យល់ថា គណៈកម្មាធិការជាតិនេះដើរតួនាទីជាយន្តការពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់យោបល់បច្ចេកទេសលើឯកសារប្រវត្តិសាស្ត្រមុនបោះពុម្ពផ្សាយ ដើម្បីធានាភាពត្រឹមត្រូវ និងជឿទុកចិត្តបាន ដោយមិនមែនជាការជំនួសតួនាទីក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ ប៉ុន្តែជាការបំពេញបន្ថែម និងពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន។
ទាក់ទងនឹងបញ្ហាប្រឈមក្នុងយុគសម័យឌីជីថល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញក្តីបារម្ភថា ការសាយភាយព័ត៌មានមិនពិត និងការបកស្រាយប្រវត្តិសាស្ត្រដោយលម្អៀងលើបណ្តាញសង្គម អាចបង្កការភាន់ច្រឡំដល់យុវជន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការការពារកិត្យានុភាពជាតិ មិនអាចពឹងផ្អែកលើមនោសញ្ចេតនាស្នេហាជាតិ ឬការតវ៉ាតាមអារម្មណ៍នោះឡើយ ប៉ុន្តែត្រូវផ្លាស់ប្តូរមកជាការការពារដោយផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។
សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ការបកស្រាយខ្វះមូលដ្ឋាន ឬការប្រកាន់ជាតិនិយមជ្រុល អាចប៉ះពាល់ដល់សាមគ្គីភាព និងកិត្យានុភាពជាតិ ខណៈការទូតវប្បធម៌ដ៏ឆ្លាតវៃ នឹងជួយកសាងការគោរពគ្នា និងភាពជឿជាក់លើឆាកអន្តរជាតិ។
ដើម្បីធានាភាពជោគជ័យនៃផែនការយុទ្ធសាស្ត្រនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវរបៀបវារៈស្នូលចំនួន៥ចំណុចរួមមានការប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្ត្រ និងសុចរិតភាពវិជ្ជាជីវៈ ដោយការស្រាវជ្រាវ និងការបកស្រាយប្រវត្តិសាស្ត្រត្រូវផ្អែកលើប្រភពច្បាស់លាស់ និងភស្តុតាងអាចផ្ទៀងផ្ទាត់បាន, ការពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងការចូលរួមពីអ្នកជំនាញ, ការកសាង និងគ្រប់គ្រងចំណេះដឹងជាតិ តាមរយៈការប្រមូលឯកសារសិក្សាប្រភពចម្រុះ និងបកប្រែឯកសារសំខាន់ៗ, ការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងដែលអាចជឿទុកចិត្តបាន ជាពិសេសដល់យុវជនជំនាន់ក្រោយ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត តាមរយៈការបែងចែកតួនាទីភារកិច្ច និងការតាមដានវាយតម្លៃជាប្រចាំ៕