ការព្យករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ធនាគារពិភពលោក ទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ មកនៅចន្លោះពី -១% ទៅ -២,៩%


ចូលមកដល់ត្រីមាសទី២ នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នជំនាញមើលឃើញថា បានស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយមានវិស័យស្នូលមួយចំនួន ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច បាននិងកំពុងជួបបញ្ហាប្រឈមខ្លាំង ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩។ យ៉ាងណាមិញ បើតាមការព្យាកររបស់ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ទំនងជាមិនអាចរកឃើញកំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ -១% (ក្នុងសេណារីយោគោល នៃការព្យាករ) និង -២,៩% (ក្នុងសេណារីយោដែលទាបបំផុត)។
កម្ពុជានិងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» (រូបភាព៖ ហេង ភារម្យ)

របាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពី «កម្ពុជា​នៅក្នុង​កាលៈទេសៈ​មានវិបត្តិ​កូវីដ-១៩» បានឲ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច និងការរីករាលដាល​នៃមេរោគ​កូវីដ-១៩ បាន​បង្ក​ការ​គំរាមកំហែង​ខ្លាំងមែនទែនមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន​ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្រ​របស់ខ្លួន។ ​

ក្នុងនោះដែរ ធនាគារពិភពលោក​បាន​កត់សម្គាល់ឃើញថា មានវិស័យ​បី​ដែលជាក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា គឺមានរង​ការប៉ះ​ទង្គិច​ខ្លាំងជាងគេ រួមមាន វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ផលិតសម្រាប់​នាំចេញ និងវិស័យសំណង់។ វិស័យទាំងបីនេះ មានចំណែករហូតដល់ទៅ ៧០% នៃកំណើន​សេដ្ឋកិច្ច​ និងផ្ដល់ការងារ​មាន​កម្រៃ​ចំនួន​ ៣៩,៤% នៃការងារ​សរុប​នៅក្នុងឆ្នាំ២០១៩កន្លងទៅ។

បើតាម​សេដ្ឋវិទូ​ប្រចាំធនាគារពិភពលោក គឺលោក លី សូដេត បាន​ឲ្យដឹងថា ក្នុងចំណោម​វិស័យដែល​រងផលប៉ះពាល់នេះ គឺវិស័យទេសចរណ៍ មានការ​រង​ប៉ះពាល់ធំធេងជាងគេ​បំផុត។ 

លោក​ លី សូដេត មានប្រសាសន៍ថា «នាពេលថ្មីៗនេះ វិស័យទេសចរណ៍ ជាវិស័យរង​ឥទ្ធិពល​ធ្ងន់ជាងគេ​បំផុត​។ ២ខែមុន​ យើងឃើញថា​ ទេសចរ​បរទេស​មកលេង​ស្រុកយើង​ គឺបានថយចុះ​រហូតទៅ​ដល់ ២៥%​ ជាពិសេស​នៅខេត្ត​សៀមរាប​ហ្នឹង​ ពីខែដើមឆ្នាំនេះ គឺបានថយចុះ​រហូតទៅដល់ ៤០%​ ហើយរហូតដល់​ខែ៤ គឺទេសចរ​ដែលមកលេង​នៅសៀមរាប ធ្លាក់ចុះ​រហូតដល់ ៩៩% អញ្ចឹង​គឺវិស័យទេសចរណ៍​បានធ្លាក់ចុះ​ខ្លាំងមែនទែន»។

លោក លី សូដេត បាន​បញ្ជាក់ថា ជាអនុសាសន៍​របស់​ធនាគារពិភពលោក គឺមានចំណុច៣ ដែល​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ ដើម្បី​ស្ដារសេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ។ ទី១ គឺរដ្ឋាភិបាល​ត្រូវគាំពារ​ ចំពោះ​អ្នកដែលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​នៅអំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ។ ទី២ គឺត្រូវប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យសេដ្ឋកិច្ច​ងើបឡើងវិញ​ ពិសេស​គឺការធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សំខាន់ៗ​ និងទី៣ គឺធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច​កម្ពុជា​មានស្ថិរភាព​ផ្នែកម៉ាក្រូសារពើពន្ធ និងម៉ាក្រូ​ផ្នែកហិរញ្ញវត្ថុ។

តាមរយៈការថមថយនៃកំណើន​ក្នុងវិស័យ​សំខាន់ៗទាំងនេះ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅឆ្នាំ២០២០នេះ ត្រូវបាន​ធនាគារពិភពលោក អះអាង​ថា ទំនងជា​ថមថយ​កំណើន​ខ្លាំងមែនទែន ដែលមិនធ្លាប់មាន​តាំងពីឆ្នាំ១៩៩៤មក ដោយ​វាអាចនឹង​ថយចុះខ្លាំងធ្លាក់​រហូតដល់កម្រិត​-១% ក្នុងសេណារីយោគោល និង​ -២,៩% ក្នុងសេណារីយោ​ដែលទាបបំផុត។

ការធ្លាក់ចុះសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ ក៏នឹងធ្វើឲ្យ​ ភាពក្រីក្រ​អាច​នឹងកើនឡើង​ពី ៣ ទៅ ១១ភាគរយ ពិសេស​ក្នុង​ចំណោមក្រុម​គ្រួសារ​ដែលប្រឡូក​ពាក់ព័ន្ធ​ក្នុង​វិស័យទេសចរណ៍, ការទិញលក់ដុំ​និងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុង​ឧស្សាហកម្មផលិត ក្នុងករណី​បើពួកគាត់​បាត់បង់​ចំណូល​អស់ ៥០ភាគរយ ក្នុងរយៈពេល​ប្រាំមួយខែ​ជាប់គ្នា។ នេះបើតាម​ការអះអាង​របស់​ធនាគារពិភពលោក។

គេនៅចាំបានថា កាលពីខែ​មេសា​ ធនាគារពិភពលោក បានព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២០នេះ នឹងរក្សាបាន​មានកំណើន ២,៥% ប៉ុន្ដែ របាយការណ៍​ថ្មីដែលចេញផ្សាយ​ថ្ងៃទី ០៩ ខែឧសភានេះ គឺបាន​ទម្លាក់​ការព្យាករ​រហូតដល់​អត្រា​ដក ទៅវិញ។

ជុំវិញនឹងការទម្លាក់ការព្យាករនេះ លោក លី សូដេត បាន​បញ្ជាក់យ៉ាងដូច្នេះថា «ការព្យាករ​កាលពីខែ​មេសា គឺយើង​បាន​ពិនិត្យមើល​សកម្មភាព​សេដ្ឋកិច្ច នៅក្នុងខែកុម្ភៈ និងខែ​មីនា​​យើងបានមើលឃើញថា សកម្មភាព​នាំចេញ​ គឺនៅល្អ»។

គួរបញ្ជាក់ថា តាមរាយការណ៍​ ឱនភាពសារពើពន្ធ​​ក៏នឹងឡើង​ដល់កម្រិត​ខ្ពស់បំផុត​ដែលមិនធ្លាប់មាន​ក្នុងអំឡុង​ពេល ២២ឆ្នាំ កន្លងមក ហើយបំណុល​សាធារណៈ​ត្រូវ​បាន​​រំពឹងទុកថា​នឹងកើន​ដល់ ៣៥ភាគរយនៃ​ផលិតផល​ក្នុងស្រុកសរុប (ផសស) រហូតដល់ឆ្នាំ២០២២៕

None



អត្ថបទបន្ទាប់


ក្រសួងអប់រំ៖ ការប៉ះពាល់គឺជារឿងជៀសមិនផុតទេ នៅក្នុងបរិបទ កូវីដ-១៩នេះ

អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា នៅដំណាក់កាលនេះ ក្រសួងមិនមានជម្រើសអ្វីផ្សេង ក្រៅពីការអនុវត្តកម្មវិធីសិក្សាពីចម្ងាយ ឬការសិក្សាតាមប្រព័ន្ធអ…

អ្នកជំនាញហិរញ្ញវត្ថុ អះអាងថា កម្ពុជាចំណេញ ៥យ៉ាង បើអាចប្រើប្រាក់រៀល ជំនួសប្រាក់ដុល្លារបានទូលំទូលាយ

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រសាសន៍ថា ការសម្រេចរបស់ធនាគារជាតិ ដោយទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ នាំយកក្រដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ