កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ប្រមាណ ១០% ធ្វើឱ្យទំហំសេដ្ឋកិច្ចកម្ពុជារួមមាឌអស់ ឬដក ៣,១%ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ នាដំណាច់ឆ្នាំ២០២១កន្លងទៅនេះ។ ជំងឺរាតត្បាតជាដើមចមធំធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច, និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព”។
លោកស្រី សាលីម ពោលបន្ថែមទៀតថា៖ “ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។”
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ។
បើតាមធនាគារពិភពលោក កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និង សម្រាប់កសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស, ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ, និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច៕