ប្រទេសថៃ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែ បែរជាមានកំណើនយឺតជាងប្រទេសដៃគូក្នុងតំបន់ និងជាមានល្បឿនកំណើនខ្សោយបំផុតក្នុងរយៈពេល ៥ឆ្នាំ គិតមកទល់ឆ្នាំ២០១៩។
របាយការណ៍ ធនាគារពិភពលោក បានបញ្ជាក់ថា ប្រទេសថៃ ដែលមានប្រជាជន ៦៩ លាននាក់នោះ បានកាត់បន្ថយអត្រាភាពក្រីក្រក្នុងរយៈពេលជាង ៣ទសវត្សរ៍មកហើយ ដែលមានមកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨ ពោលគឺមានការថយចុះគួរឲ្យកត់សម្គាល់ធៀបនឹងឆ្នាំ១៩៨៨ ដែលធ្លាប់មាន ជាង ៦៥%។ ប៉ុន្ដែ និន្នាការនេះ បានចាប់ផ្ដើមដើរថយក្រោយ គិតចាប់ពីពីឆ្នាំ២០១៦។
កំណើននៃតួលេខប្រាក់ចំណូល ក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ដែលកំណត់តិចជា ៩០បាត (២,៨៥ ដុល្លារ) ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០១៨ គឺភាគច្រើនដោយសារតែការធ្លាក់ចុះចំណូល ៤០% ដែលច្រើនជាកម្មករធ្វើការក្នុងទីក្រុង និងកសិករខ្នាតតូចនៅជនបទ ចន្លោះពីឆ្នាំ២០១៥ ដល់ ២០១៧។
លោក Birgit Hansl នាយកគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសថៃ បាននិយាយថា «ប្រាក់ចំណូល ប្រជាជន ក្នុងវិស័យកសិកម្ម និងកម្មន្ដសាល មិនបានកើនឡើងច្រើន ដូចដែលយើងត្រូវការ ដើម្បីកាត់បន្ថយភាពក្រីក្រទេ ប៉ុន្ដែវាហាក់ដើរផ្ទុយពីការចង់បានរបស់យើង»។ លោក Hansl បានបន្ទោសទៅលើបញ្ហាថយចុះនៃតម្លៃទំនិញ និង គ្រោះរាំងស្ងួត។
ជិត ១ភាគ៣ នៃកម្លាំងពលកម្មក្នុងប្រទេសថៃ គឺធ្វើការក្នុងវិស័យកសិកម្ម ដែលមានប្រាក់ចំណូលទាប ហើយវាជាវិស័យមួយ សម្រាប់ការផលិត និងនាំចេញទំនិញដូចជា អង្ករ កៅស៊ូធម្មជាតិ ស្ករស ទៅកាន់ទីផ្សារសកល។ កសិករថៃ ច្រើនតែពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីប្រាក់កម្ចី ឬជំនួយពីរាជរដ្ឋាភិបាល ដើម្បីជួយទូទាត់ការធ្លាក់ចុះតម្លៃនៃកសិផល។
ធនាគារពិភពលោក បញ្ជាក់ថា វិធានការ ក៏ដូចជាគម្រោងឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលនេះ អាចជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ធនាគារពិភពលោក ក៏បានបញ្ជាក់ទៀតថា ថៃ ត្រូវការធ្វើឲ្យប្រសើរឡើង នូវការទទួលបានការអប់រំ សម្រាប់ក្មេងៗ ដែលមកពីគ្រួសារមានចំណូលទាប ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសំណាញ់សុវត្ថិភាព និងបង្កើតការងារកាន់តែប្រសើរ ដើម្បីដោះស្រាយវិសមភាព៕