សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅប្រទេសថៃ បានលើកឡើងថា បើសិនជា ករណីផ្ទុះឡើងជាថ្មី នៅខេត្តសមុទ្រសាខន ឈានទៅដល់ការសម្រេចបិទទ្វារចាក់សោរទីក្រុងបាងកក ឬប្រទេសថៃទាំងស្រុង ពិតណាស់សកម្មភាពសេដ្ឋកិច្ចទាំងអស់នឹងជាប់គាំងម្តងទៀត។
នៅក្នុងសេណារីយ៉ូនេះ ការចំណាយនៅក្នុងជីវភាពប្រចាំស្រុក របស់ប្រជាពលរដ្ឋក្នុងស្រុក នឹងធ្លាក់ចុះ ហើយអត្រាគ្មានការងារធ្វើ នឹងកើនឡើង ដែលទាញឲ្យ GDP របស់ថៃ នៅក្នុងត្រីមាសទី ៤នេះ នឹង ធ្លាក់ចុះខ្លាំងដូចទៅនឹង ត្រីមាសទី ២ដែរ។
កាលពីត្រីមាសទី ២ GDP របស់ថៃ ធ្លាក់ចុះ ១២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩ នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមទទួលរងគ្រោះខ្លាំងពីវិបត្តិមេរោគកូវីដ-១៩ និងការបិទទ្វារប្រទេសនាពេលនោះ។
បើតាមសារព័ត៌មាន Bloomberg ក៏ធ្លាប់បានបង្ហាញពី ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចប្រទេសថៃ ក្នុងឆ្នាំ២០២០នេះ ដែលជាសេដ្ឋកិច្ចរងគ្រោះខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ី ដោយសារតែពឹងផ្អែកខ្លាំងទៅលើ ការនាំចេញទំនិញ និងវិស័យទេសចរណ៍ ដែលសុទ្ធតែជាកន្លែងប៉ះពាល់ខ្លាំងបំផុត ដោយមេរោគកូវីដ-១៩។
យ៉ាងណាក៏ដោយ សេដ្ឋកិច្ចវិទូខាងលើនេះ ក៏បានបង្ហើបដែរថា សេដ្ឋកិច្ចថៃ ត្រូវការពេលវេលាយ៉ាងហោចណាស់ ២ឆ្នាំកន្លះ ដើម្បីងើបមកដល់ កម្រិតមួយប្រក្រតីឡើងវិញ។
គួរជម្រាបដែរថា ធនាគារពិភពលោក ក៏ប៉ាន់ប្រមាណដែរថា សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ នឹងធ្លាក់ចុះ ៨% នៅក្នុងឆ្នាំ ២០២០នេះ មុននឹងងើបឡើងវិញដល់ ៥% នៅក្នុងឆ្នាំ ២០២១ខាងមុខ៕