នៅក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងពិភពលោក លោក អ៊ីឡន ម៉ាស ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន Tesla របស់អាមេរិកនោះ គឺមានទ្រព្យសម្បត្តិសរុបប្រមាណជិត ២២០ ពាន់លានដុល្លារ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺ នៅឆ្នាំនេះ ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ពិភពលោកមកនៅត្រឹមតែ១២,៧ ទ្រីលានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពីជាង១៣ ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ចំនួនមហាសេដ្ឋីក៏មានការថយចុះដែរ។ នេះបើយោងតាមទស្សនាវដ្តី Forbes។
យ៉ាងហោចណាស់ មានកំពូលមហាសេដ្ឋីដល់ទៅចំនួន ៣២៩នាក់ឯណោះ បាត់បានធ្លាក់ចេញពីបញ្ជីឈ្មោះកំពូលមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes នៅឆ្នាំនេះ ដែលជាចំនួនធ្លាក់ចុះដ៏ច្រើនបំផុតក្នុងមួយឆ្នាំ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩មក។
សូមជម្រាបថា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានមហាសេដ្ឋីច្រើនជាងគេដែលមានចំនួនជាង១ពាន់នាក់ បន្ទាប់មកគឺសហរដ្ឋអាមេរិក ៧៣៥នាក់ និងអឺរ៉ុប ៥៩២នាក់ ។
យោងតាមសម្តីលោក ខេរី អេ ដូឡាន (Kerry A Dolan) ជំនួយការនិពន្ធនាយកផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ទស្សនាវដ្តី ហ្វប Forbes បាននិយាយថា "ទីផ្សារភាគហ៊ុនដ៏ច្របូកច្របល់បានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើននៅលើពិភពលោក" ។ ជាពិសេស មានតែមហាសេដ្ឋីជាង ១ពាន់នាក់ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិកើនឡើងច្រើនជាងឆ្នាំមុន។ បើគិសរុបទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីទាំង២០នាក់ គឺមានទ្រព្យសម្បត្តិសរុប ២ទ្រីលានដុល្លារអាមេរិក កើនឡើងពី ១,៨ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១។
ក្នុងចំណោមហាសេដ្ឋីពិភពលោក លោក ដា នីន (Dhanin) ដែលជាប្រធានជាន់ខ្ពស់នៃសាជីវកម្មអាហារ និងកសិកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុន CP Group របស់ថៃ ត្រូវបានគេជឿថា មានទ្រព្យសម្បត្តិចំនួន ១៣ពាន់លានដុល្លារនៅឆ្នាំនេះ ធ្លាក់ចុះពីអ្វីដែលបានប៉ាន់ស្មានចំនួនជាង១៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលលោកដូណាល់ត្រាំរបស់សហរដ្ឋអាមេរិក ក៏បានស្នើច្បាប់ក្នុងការយកពន្ធអប្បបរមា២០% ចំពោះប្រាក់ចំណូលរបស់កំពូលមហាសេដ្ឋីនៅអាមេរិកផងដែរ បន្ទាប់ពីមើលឃើញថា ការបង់ពន្ធរបស់កំពូលមហាសេដ្ឋីទាំងនោះ ហាក់មិនសូវធ្វើឡើងបានត្រឹមត្រូវនោះទេ។
អត្ថបទ៖ ម៉ុន សុកែវ