លោក Narit Therdsteerasukdi អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងបាងកកថា មានមនុស្សប្រហែល ៤០០ នាក់ បានស្វែងរកទិដ្ឋាការក្នុងរយៈពេល ១២ ថ្ងៃដំបូងនៃការដាក់ឱ្យដំណើរការកម្មវិធីទិដ្ឋាការថ្មីនេះ ដែលក្នុងនោះមានអ្នកចូលនិវត្តន៍ចំនួន ៤០%។
លោក Narit បានបន្តថា អ្នកដាក់ពាក្យសុំទិដ្ឋាការ ដើម្បីទៅបម្រើការងារនៅប្រទេសថៃមានចំនួន ៣០% ខណៈដែលនៅសេសសល់ប៉ុន្មានទៀត គឺជាអ្នកជំនាញជាន់ខ្ពស់ និងពលរដ្ឋដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងពិភពលោក។ កម្មវិធីទិដ្ឋាការនេះកំពុងលើកទឹកចិត្តមិនត្រឹមតែចំពោះជនបរទេសនៅក្រៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ជនបរទេសប្រមាណ ៣០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសនេះ ដែលកាន់លិខិតអនុញ្ញាតផ្សេងទៀតផងដែរ។
កម្មវិធីផ្ដល់ទិដ្ឋាការថ្មីរបស់ប្រទេសថៃនេះមានវិសាលភាពខុសគ្នាពីកម្មវិធីផ្ដល់ទិដ្ឋាការរបស់ប្រទេសសិង្ហបុរី ដែលផ្ដោតសំខាន់តែលើការទាក់ទាញជនបរទេសដែលមានទេពកោសល្យដើម្បីបំពេញចន្លោះខ្វះខាតនៅក្នុងស្រទាប់ទីផ្សារការងារសំខាន់ៗ និងជំរុញឱ្យមានការបង្កើតថ្មីតែប៉ុណ្ណោះ។
ថៃកំពុងសម្លឹងរកមើលវិធីជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចតាមរយៈការបង្កឱ្យមានភាពកាន់តែងាយស្រួលសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនអាចបន្តក្នុងការរស់នៅ និងធ្វើការនៅប្រទេសនេះ។
កម្មវិធីផ្ដល់ទិដ្ឋាការថ្មីនេះផ្តល់ឱ្យភ្ញៀវទេសចរនូវទិដ្ឋាការជាច្រើនប្រភេទនិងអាចបន្តបានឡើងវិញរយៈពេល ១០ ឆ្នាំ ហើយអ្នកទទួលបានទិដ្ឋាការប្រភេទនេះត្រូវបានអនុញ្ញាតឱ្យធ្វើការ និងមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធមួយចំនួន និងការកំណត់ពិដានពន្ធ ១៧% ទៅលើពន្ធនៃប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់អ្នកដែលមានជំនាញខ្ពស់ជាមួយអត្ថប្រយោជន៍បន្ថែមដល់ប្តីប្រពន្ធ និងកូនផងដែរ៕
អត្ថបទ៖ សុខ ជា