ដោយមានបំណងទាក់ទាញក្រុមហ៊ុនបរទេស និងវិនិយោគិនឱ្យបន្តរកស៊ីនៅក្នុងប្រទេសចិន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៥,២% នៅឆ្នាំ២០២៣ កន្លងទៅ លើសគោលដៅដែលបានកំណត់កាលពីឆ្នាំមុន។ ឆ្លៀតក្នុងឱកាសថ្លែងសុន្ទរកថានៅឯទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក លី ដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីចិន កាលពីខែមីនា ឆ្នាំមុន បានចំណាយពេលជាច្រើនរបស់លោក ដើម្បីបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចចិន និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការជួយសម្រួលដល់ការរកស៊ីរបស់បណ្ដាក្រុមហ៊ុនបរទេស។
លោក លី បានសង្កត់ធ្ងន់ថា កំណើនផលិតផលក្នុងស្រុកសរុប(GDP) បានកើនលើសអត្រាគោលដៅប្រមាណ៥% ដែលបានកំណត់។ លោកបានបញ្ជាក់ថា អត្រាកំណើន៥,២% នេះស្របគ្នាជាមួយនឹងទិន្នន័យផ្លូវការ ដែលប្រទេសចិន បានបញ្ចេញកាលពីថ្ងៃពុធ។ ការអះអាងរបស់លោក លី ប្រហែលជាមានគោលបំណងសម្រាលការព្រួយបារម្ភរបស់វិនិយោគិនថា តើប្រទេសចិន អាចនឹងដើរតាមផ្លូវចាស់ដោយប្រកាន់យកម៉ូឌែលកំណើនដែលពឹងផ្អែកខ្លាំងលើការវិនិយោគ ឬយ៉ាងណា ពីព្រោះម៉ូឌែលកំណើននេះកន្លងមកបានបណ្ដាលឱ្យមានហេដ្ឋារចនាសម្ព័ន្ធអន់ថយ និងបំណុលស្អុយ ឬបំណុលពិបាកទារយ៉ាងច្រើននៅក្នុងវិស័យធនាគារ។
លោក លី បានសង្កត់ធ្ងន់ថា ទីផ្សារប្រទេសចិន គឺជាទីផ្សារដ៏ធំសម្បើម ខណៈចំនួនពលរដ្ឋចិន ដែលមានប្រាក់ចំណូលមធ្យមនឹងបន្តកើនឡើងថែមទៀត។ ទោះជាយ៉ាងណា លោក លី បានប្តេជ្ញាចិត្តថា នឹងស្តាប់ឱ្យបានច្រើនជាងមុននូវក្ដីកង្វល់ ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច ជាពិសេសពាក់ព័ន្ធនឹងការការពារទិន្នន័យ និងលទ្ធកម្មរបស់រដ្ឋាភិបាលចិនតែម្ដង៕
អត្ថបទ៖ សុខ ជា