
កាលពីថ្ងៃសៅរ៍ អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ស្ត្រីអាមេរិកាំង អាយុ ៨៣ឆ្នាំ ដែលបានជិះនៅលើនាវាទេសចរណ៍ Westerdam របស់ក្រុមហ៊ុន Holland America និងបានចូលចតនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើតេស្តលើកទី១ រកឃើញថា មានផ្ទុកមេរោគ Covid-19 បន្ទាប់ពីស្ត្រីរូបនេះធ្វើដំណើរតាមជើងយន្តហោះចេញពីកម្ពុជា មកដល់ទីក្រុងកួឡាឡំពួ។ ស្ត្រីនេះជាមនុស្សទីមួយហើយពីនាវាទេសចរណ៍ដែលផ្ទុកអ្នកដំណើរ ១៤៥៥នាក់ និងសមាជិកនាវិក ៨០២នាក់ ដែលធ្វើតេស្តទៅឃើញមានផ្ទុក Covid-19។
កាលពីថ្ងៃសៅរ៍ដដែល ខាងក្រុមហ៊ុនដែលគ្រប់គ្រងនាវាទេសចរណ៍ និងខាងភាគីកម្ពុជា បានស្នើសុំឲ្យប្រទេសម៉ាឡេស៊ីធ្វើការពិនិត្យឡើងវិញទៅលើលទ្ធផលតេស្តរបស់ខ្លួន។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Waz Azizah Wan Ismail បាននិយាយនៅថ្ងៃអាទិត្យថា ការធ្វើតេស្តម្ដងទៀតទៅលើស្ត្រីជនជាតិអាមេរិកាំងនេះបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ ហើយលទ្ធផល គឺវិជ្ជមានដដែល។ ចំណែកស្វាមីរបស់ស្ត្រីរូបនេះ ធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន៕