WeWork ដែលជាក្រុមហ៊ុនជួលការិយាល័យធ្វើការរួម ឬហៅថា Co-working Space បានជួបនូវិបត្តិយ៉ាងធ្ងន់ធ្ងរចាប់តាំងពីមានការផ្ទុះរាលដាលកូវីដ-១៩មក ដោយអាជីវកម្មជួលការិយាល័យរបស់ពួកគេត្រូវបានបិទភ្លាមៗ ហើយបញ្ហាសេដ្ឋកិច្ចក៏បានធ្វើឲ្យអាជីវកម្មជាច្រើនបានបិទទ្វារផងដែរ។ អាជីវកម្មធ្លាក់ចុះ ធ្វើឲ្យតម្លៃភាគហ៊ុនរបស់ WeWork លើទីផ្សារធ្លាក់ចុះ ៩៨% បើគិតតាំងពីក្រុមហ៊ុន បានបោះផ្សាយលក់ភាគហ៊ុន ក្នុងលក្ខខណ្ឌពិសេសកាលពីឆ្នាំ២០២១មក។ បច្ចុប្បន្ន តម្លៃរបស់ក្រុមហ៊ុននេះ នៅមានប្រមាណតែ ៥០លានដុល្លារប៉ុណ្ណោះ ស្របពេលដែលបំណុលមានចន្លោះពី ១០ ទៅ៥០ពាន់លានដុល្លារ។
ទោះយ៉ាងណា ការដាក់ពាក្យការពារការក្ស័យធនរបស់ក្រុមហ៊ុន ដែលមានអាយុកាលជាង១០ឆ្នាំមកនេះ គឺត្រូវបានកំណត់ចំពោះតែអាជីវកម្មនៅអាម៉េរិក និងកាណាដា តែប៉ុណ្ណោះ។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន WeWork លោក David Tolley បាននិយាយថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកមានការដឹងគុណជាអនែកចំពោះការគាំទ្ររបស់អ្នកពាក់ព័ន្ធនៅក្នុងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងរចនាសម្ព័ន្ធដើមទុន និងពន្លឿនដំណើរការនេះ តាមរយៈកិច្ចព្រមព្រៀងគាំទ្ររៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។ លោកបន្ថែមថា ក្រុមហ៊ុន WeWork នៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើផលិតផល សេវាកម្ម និងបុគ្គលិក។
សូមបញ្ជាក់ថា អាជីវកម្មជួលការិយាល័យធ្វើការរួមរបស់ WeWork ត្រូវបានគេដឹងថា គឺមានប្រតិបត្តិការនៅជាង ៧០០កន្លែង នៅជិត ៤០ប្រទេសទូទាំងពិភពលោក៕