វិស័យការបរទេស

តើការផ្ញើសាររំលែកទុក្ខរបស់លោក ស៊ី ជូនក្រុមគ្រួសារអតីតមេដឹកនាំជប៉ុន វាបានបង្ហាញពីការបន្ទន់ឥរិយាបថរបស់ចិន ចំពោះជប៉ុន ឬយ៉ាងណា?


ប្រធានាធិបតី ស៊ី ជីនពីង បុរសខ្លាំងរដ្ឋចិន ហាក់បង្ហាញសញ្ញាធូរស្រាល និងបន្ទន់ជំហរការទូតចំពោះជប៉ុន បន្ទាប់ពីមហាអំណាចជិតខាងនៅអាស៊ីទាំងពីរនេះបានផ្ទុះសង្គ្រាមពាក្យសម្តី និងបង្កើនភាពតានតឹងដាក់គ្នាយ៉ាងក្តៅគគុកជិតមួយឆ្នាំមកនេះ។ ការបន្ទន់ឥរិយាបថនេះត្រូវបានស្តែងឱ្យឃើញកាលពីថ្ងៃទី២៧ ខែតុលា បន្ទាប់ពីលោក ស៊ី បានផ្ញើសាររំលែកទុក្ខជូនគ្រួសារសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ាស៊ូអូ ហ្វូគូដា (Yasuo Fukuda) ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ។
លោក_ស៊ី_ប្រាប់ដឹកនាំជប៉ុន_ឱ្យចេះថែរក្សា_និងការពារមរតកទំនាក់ទំនងរវាងចិន
ដោយ

នៅក្នុងសាររំលែកទុក្ខផ្ញើជូនគ្រួសារសពអតីតនាយករដ្ឋមន្ត្រីជប៉ុន បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង បានផ្ញើសារនយោបាយដ៏មានឥទ្ធិពល និងចំៗទៅកាន់ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន គឺលោកស្រី សាណាអិ តាកាអ៊ិឈិ ឱ្យចេះថែរក្សា និងការពារមូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងទ្វេភាគី ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មក។ លោក ស៊ី ជីនពីង បានរំលឹកថា លោក ហ្វូគូដា គឺជាអ្នកនយោបាយជប៉ុនដ៏មានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ និងជាមិត្តចាស់ដ៏គួរឱ្យគោរពរបស់ចិន ជាពិសេសជាមេដឹកនាំជប៉ុន ដែលប្រកាន់ខ្ជាប់នូវទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ។

ក្រុមអ្នកវិភាគមើលឃើញថា ការចេញមុខនិយាយដោយផ្ទាល់របស់លោក ស៊ី ជីនពីង អំពីទំនាក់ទំនងចិន-ជប៉ុននាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយ ស្របពេលដែលមហាអំណាចកំពូលទាំងពីរនៅអាស៊ីបានពាក់មុខយក្សដាក់គ្នាជិតមួយឆ្នាំមកនេះ ហើយវាប្រៀបដូចជាយុទ្ធសាស្ត្រការទូតទន់ភ្លន់បង្កប់អត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីដាស់តឿនទីក្រុងតូក្យូឱ្យភ្ញាក់រលឹកឡើងវិញ។

គួរបញ្ជាក់ថា លោក យ៉ាស៊ូអូ ហ្វូគូដា ជាអតីតមេដឹកនាំជប៉ុន ដែលជានិមិត្តរូប នៃការផ្សះផ្សា និងការពង្រឹងចំណងមិត្តភាពទ្វេភាគីរវាងជប៉ុន និងចិន ដោយលោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ទំនាក់ទំនងឈ្នះ-ឈ្នះផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្ររួម។ លើសពីនេះ លោក គឺជាកូនប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី តាកេអូ ហ្វូគូដា (Takeo Fukuda) ដែលជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុនឆ្នាំ១៩៧៨ ដោយលោកផ្ទាល់បានចាត់ទុកកិច្ចការប្រវត្តិសាស្ត្រនេះ ជាបេសកកម្មដ៏សំខាន់បំផុតក្នុងជីវិតនយោបាយរបស់លោក។

ផ្ទុយទៅវិញទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានធ្លាក់ចុះរហូតដល់ចំណុចប្រេះឆាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន គឺលោកស្រី សាណាអិ តាកាអ៊ិឈិ ធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយលោកស្រី លើកឡើងថា ជប៉ុនអាចនឹងដាក់ពង្រាយកងទ័ព ឬចូលរួមលូកដៃ ប្រសិនបើចំណាត់ការយោធារបស់ចិនលើកោះតៃវ៉ាន់ គំរាមកំហែងដល់អធិបតេយ្យភាពរបស់ជប៉ុន។

កាលណោះ ទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងដោយបានចាត់ទុកការលើកឡើងនេះថា ជាសកម្មភាពបំពានធ្ងន់ធ្ងរ ព្រមទាំងទាមទារឱ្យ លោកស្រី ដកពាក្យសម្តីនេះវិញជាបន្ទាន់។ បន្ថែមលើនេះចិនបានចាត់វិធានការសងសឹកភ្លាមៗ ដោយណែនាំពលរដ្ឋខ្លួនកុំឱ្យទៅកម្សាន្តនៅជប៉ុន និងផ្អាកការនាំចេញរ៉ែកម្រ រួមទាំងទំនិញ ដែលអាចបម្រើឱ្យវិស័យយោធាទៅកាន់ប្រទេសជប៉ុនទៀតផង។ 

នៅក្នុងសាររំលែកទុក្ខរបស់ខ្លួនខាងលើ លោក ស៊ី ជីនពីង បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំជប៉ុនជំនាន់ក្រោយនឹងចេះឱ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់បុព្វបុរសនយោបាយជំនាន់មុន គោរពតាមកិច្ចព្រមព្រៀងការទូតប្រវត្តិសាស្ត្រ និងការពារគ្រឹះមិត្តភាពរវាងចិន និងជប៉ុនឱ្យបានរឹងមាំបំផុត។ ទន្ទឹមនឹងនេះលោកបានប្តេជ្ញាថា ប្រទេសចិននឹងចងចាំជានិច្ចនូវគំរូវីរភាព និងការរួមចំណែកយ៉ាងធំធេងរបស់លោក ហ្វូគូដា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅតំបន់អាស៊ី៕




អត្ថបទបន្ទាប់


បារាំង ​អះអាងថា អឺរ៉ុប​នឹងអាច​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើរ៉ែកម្រ​ចិន​​ នៅ៣ទៅ៥ឆ្នាំខាងមុខ

តើលោកខាងលិចអាចកាត់បន្ថយការពឹងផ្អែកលើចិន ដែលគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗរបស់ពិភពលោកបានដែរទេ? បេសកជន​ផ្នែក​រ៉ែ​របស់បារាំ…

អាម៉េរិក ត្រៀមចំណាយជាង១ទ្រីលានដុល្លារ ដើម្បីទប់ចិន ខណៈបញ្ហាកោះតៃវ៉ាន់ បច្ចេកវិទ្យា និងសមុទ្រចិនខាងត្បូង ជាសមរភូមិក្តៅ

អាម៉េរិក កំពុងជំរុញសេចក្តីព្រាងច្បាប់ការពារជាតិ ឆ្នាំ២០២៧ ដោយគ្រោងចំណាយរហួតដល់ទៅជាង១ទ្រីលានដុល្លារ ហើយបានដាក់ការប្រកួតប្រជែងជាមួយចិនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ