សារព័ត៌មាន The Straits Times បានរាយការណ៍នៅថ្ងៃទី២៨ ខែតុលា ថា ប្រទេសចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅ៩០% នៃការផលិតរ៉ែកម្រនៅទូទាំងពិភពលោក។ កាលពីឆ្នាំ២០២៥ ការរឹតបន្តឹងការនាំចេញមេដែករបស់ចិន បានបង្កការរំខានដល់ឧស្សាហកម្មជាច្រើន រួមទាំងការផលិតរថយន្ត និងបង្ហាញពីការពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីប្រទេសតែមួយ។
លោក បេនចាមីន ហ្គាលេក្សូត (Benjamin Gallezot) បេសកជនទទួលបន្ទុកការផ្គត់ផ្គង់រ៉ែ និងលោហៈយុទ្ធសាស្ត្ររបស់បារាំង បានលើកឡើងថា ទីផ្សាររ៉ែកម្រមានទំហំកំណត់ ដូចនេះមិនចាំបាច់បង្កើតអណ្តូងរ៉ែរាប់រយកន្លែង ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់នោះទេ។
គម្រោងរបស់ក្រុមហ៊ុន Solvay របស់បែលហ្ស៊ិក និង Carester របស់បារាំង រួមជាមួយគម្រោងនៅអូស្ត្រាលី សហរដ្ឋអាម៉េរិក ជប៉ុន ប្រេស៊ីល និងឥណ្ឌា កំពុងជួយពង្រីកសមត្ថភាពផលិត និងកែច្នៃរ៉ែទាំងនេះ។ ទោះជាយ៉ាងណា ការបង្កើនសមត្ថភាពផលិតមេដែកនៅតែជាបញ្ហាប្រឈម។
គួររំឭកថា កាលពីខែមិថុនា មេដឹកនាំក្រុមប្រទេស G7 បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន។ ពួកគេមានគោលដៅធានាឱ្យបានថា នៅត្រឹមឆ្នាំ២០៣០ គ្មានប្រទេសផ្គត់ផ្គង់ណាមួយនៅខាងក្រៅក្រុមប្រទេស G7 និងប្រទេសដៃគូរបស់ខ្លួន ផ្គត់ផ្គង់លោហៈកម្រ និងមេដែកលើសពី៦០% នោះឡើយ។ គោលដៅរយៈពេលវែងរបស់ពួកគេ គឺកាត់បន្ថយចំណែកនោះឱ្យមកត្រឹម៥០%៕