កាសែត The Nation បានរាយការណ៍ថា កាលពីថ្ងៃទី២៧ ខែតុលា អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញមុខប្រតិកម្ម បន្ទាប់ពីឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនទទួលស្គាល់ដាច់ខាតនូវព្រំដែន ដែលបោះដោយចុងកាណុង និងយោធាថៃ។ ឯកឧត្តម បានបកអាក្រាតថៃ ថា បានធ្វើសកម្មភាពរំលោភបំពានជាឯកតោភាគីនៅតាមបណ្តោយព្រំដែន ខណៈកម្ពុជា បានបញ្ជាក់រួចមកហើយថា ការដាក់ពង្រាយកងទ័ព ការរៀបរបាំងលួសបន្លា និងការដាក់ទូកុងតឺន័ររារាំងនៅលើទឹកដីកម្ពុជា មិនអាចយកមកកែប្រែអធិបតេយ្យភាព ឬជំនួសឱ្យការបោះបង្គោលព្រំដែនរួមគ្នានោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីតវ៉ាប្រឆាំងនឹងការរំលោភបំពានដែនអធិបតេយ្យនេះ។ កម្ពុជារក្សាជំហរច្បាស់លាស់ថា រាល់ជម្លោះព្រំដែនត្រូវតែដោះស្រាយតាមរយៈការចុះវាស់វែង និងបោះបង្គោលព្រំដែនរួមគ្នា ក្រោមក្របខណ្ឌនៃគណៈកម្មការព្រំដែនរួម (JBC) ប៉ុណ្ណោះ។
ទោះជាយ៉ាងណាអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានប្រកែកទាំងបំពានថា ថៃមិនបានប្រើប្រាស់កម្លាំងយោធាដើម្បីបង្កើតខ្សែព្រំដែនថ្មីនោះទេ ដោយបានដោះសារថា សកម្មភាពយោធាទាំងអស់ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព និងបង្ការហេតុការណ៍ផ្សេងៗដល់ជនស៊ីវិល និងយោធាថៃ មិនមែនជាការបំពានខ្សែបន្ទាត់ព្រំដែននោះឡើយ។
អ្នកនាំពាក្យយោធាថៃ រូបនេះ ថែមទាំងបានច្រានចោលសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញបាន ដោយសារតែការរារាំងពីសំណាក់កងទ័ពថៃ ទៀតផង។ ភាគីថៃ បំភ្លៃប្រវត្តិសាស្ត្រថា ទីតាំងផ្ទះប្រជាពលរដ្ឋកម្ពុជា ដែលយោធាថៃ បានឈូសឆាយក្នុងចេតនាបំបាត់ភស្តុតាងទាំងនោះថា ទីជម្រកបណ្តោះអាសន្នដែលខ្លួនបានផ្តល់ដល់ប្រជាជនកម្ពុជា ប្រមាណ៤,៦០០នាក់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយបានចោទប្រកាន់ទាំងបំពានថា ពលរដ្ឋកម្ពុជា ជាអ្នករំលោភចូលកាន់កាប់ទឹកដីថៃ ទៅវិញ។ កម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងបានតបតទៅវិញថា តំបន់ទាំងនោះ គឺជាទឹកដីរបស់កម្ពុជា៕
អត្ថបទៈ សួន ឡង់ទី