លោក ហេង ភារម្យ ប្រធានផ្នែកបច្ចេកទេសប្រព័ន្ធស្រោចស្រពរបស់ក្រុមហ៊ុន GAINS (Green Agri-innovative Solutions) បានអះអាងថា កន្លងមកការប្រើប្រាស់ប្រព័ន្ធស្រោចស្រពរបស់ប្រជាកសិករ ត្រូវបានធ្វើឡើងតាមបែបប្រពៃណី ហើយការប្រើប្រាស់បែបនេះ គឺត្រូវការការចំណាយទៅលើកម្លាំងពលកម្មច្រើន និងទទួលបានទំហំផលិតកម្មតិច។ មិនតែប៉ុណ្ណោះ កត្តាអាកាសធាតុប្រែប្រួលខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ជាបញ្ហារបស់កសិករក្នុងការគ្រប់គ្រងលើប្រព័ន្ធស្រោចស្រពរបស់ពួកគាត់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ មានតែការប្រើប្រាស់បច្ចេកទេសប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃទេ ដែលអាចជួយដោះស្រាយទាំងនេះ និងអាចជួយកសិករក្នុងការទទួលបានប្រព័ន្ធស្រោចស្រពទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទៅដល់ដំណាំដាំដុះរបស់ពួកគេ។
លោក ហេង ភារម្យ ជឿជាក់ថា ប្រសិនបើប្រជាកសិករបានប្រើប្រាស់នូវប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃនោះពួកគេនឹងទទូលបានអត្ថប្រយោជន៍ និងផលចំណេញបានច្រើន តាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត កាត់បន្ថយកម្លាំងពលកម្ម និងពេលវេលាផងដែរ ព្រោះតាមរយៈប្រព័ន្ធនេះកសិករអាចបញ្ជាបិទបើកប្រព័ន្ធស្រោចស្រពនេះដោយស្វ័យប្រវត្តិតាមការចង់បានរបស់ខ្លួន។ លើសពីនេះកសិករក៏អាចដាក់ជីតាមប្រព័ន្ធស្រោចស្រពនេះដោយមានប្រសិទ្ធភាពខ្ពស់ តាមរយៈការផ្តល់ជីឱ្យដំណាំបានទៅដល់គោលដៅស្មើៗគ្នា ដែលធ្វើឱ្យដំណាំមានការរីកលូតលាស់បានល្អផងដែរ។ ផលចំណេញមួយទៀតនោះ វាក៏បានជួយដល់កាប្រើប្រាស់ទឹកឱ្យចំគោលដៅ និងមានភាពសន្សំសំចៃផងដែរ ព្រោះទឹកដែលបានស្រោចស្រពតាមបច្ចេកទេសឆ្លាតវៃនេះ គឺផ្តល់ឱ្យតែក្នុងកម្រិត ដែលដំណាំត្រូវការតែប៉ុណ្ណោះ។
បើតាមអ្នកជំនាញរូបនេះ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃនេះ មានការកំណត់ពេលវេលាក្នុងការស្រោចស្រពបានដោយស្វ័យប្រវត្តិ ពោលគឺប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយអាចបញ្ជាឱ្យស្រោចស្រពតាមរយៈទូរស័ព្ទដៃ និងអាចកំណត់ម៉ោងក្នុងការស្រោចស្រពបានតាមតម្រូវការផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធស្វ័យប្រវត្តក្នុងការកំណត់សំណើមក្នុងដីផងដែរ ពោលគឺក្នុងករណីដែលដីនៅត្រង់ចំណុចណាមួយមានសំណើមគ្រប់គ្រាន់ហើយនោះ គឺប្រព័ន្ធស្រោចស្រពនេះមិនស្រោចស្រពបន្ថែមទៀតនោះទេ។ លោក ហេង ភារម្យ អះអាងថា ទោះបីអ្នកមានចម្ការឆ្ងាយៗមិនមានប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់ ក៏អាចប្រើប្រាស់ប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃនេះបានដែរ។
លោក ហេង ភារម្យ សង្កេតឃើញថា ចំណេះដឹង ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឆ្លាតវៃនៅកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយ ហើយលោកចង់លើកទឹកចិត្តឱ្យកសិករគួរតែងាកមកប្រើប្រាស់ប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃនេះឱ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និងចំគោលដៅនៅក្នុងការធ្វើកសិកម្ម និងដើម្បីទទួលបានទិន្នផលខ្ពស់៕