ថាមពលឥន្ធនៈ

តើតម្លៃប្រេងក្នុងទីផ្សារពិភពលោកត្រូវបានព្យាករបែបណាសម្រាប់ឆ្នាំ២០២៤ ខាងមុខ?


ទីផ្សារប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា នឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជួបបញ្ហាប្រឈមមួយចំនួននៅឆ្នាំ២០២៤ ខាងមុខ ហើយជាលទ្ធផលតម្លៃប្រេងមានឱកាសធ្លាក់ចុះច្រើនជាងការហក់ឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews។
ថាមពលឥន្ធនៈ
ដោយ

តម្រូវការប្រេងឆៅពីមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ដែលត្រូវបានរំពឹងថា នឹងធ្លាក់ចុះ និងការកាត់បន្ថយការផលិតប្រេងពីសំណាក់សហរដ្ឋអាម៉េរិក នឹងក្លាយជាកត្តាកំណត់សម្រាប់ទីផ្សារប្រេងពិភពលោកក្នុងឆ្នាំ២០២៤ ខាងមុខ។

យោងតាមការព្យាករការផ្គត់ផ្គង់ប្រេងក្នុងទីផ្សារពិភពលោក នឹងមានទំហំលើសតម្រូវការនៅឆ្នាំក្រោយដោយសារតែការធ្លាក់ចុះ នៃសកម្មភាពសេដ្ឋកិច្ច បូករួមជាមួយការកើនឡើង នៃផលិតកម្មប្រេងពីសហរដ្ឋអាម៉េរិក ដែលកាលពីពេលថ្មីៗនេះ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួនក្នុងរង្វង់ជាង១៣លានបារ៉ែលក្នុងមួយថ្ងៃ(mbpd)។

ជាងនេះទៅទៀត ការផ្គត់ផ្គង់ប្រេងនឹងមានហូរហៀរនៅក្នុងទីផ្សារនៃប្រទេសហ្គីយ៉ាន (Guyana) ប្រេស៊ីល ន័រវែស និងកាណាដា។ ស្ថានភាពនេះ ក៏ឆ្លើយតបទៅនឹងសំណួរ ដែលចោទឡើងថា តើតម្លៃប្រេងនឹងហក់ឡើងដល់១០០ដុល្លារ ក្នុងមួយបារ៉ែល នៅឆ្នាំ២០២៤ ឬយ៉ាងណា។ ប្រសិនបើភូមិសាស្ត្រនយោបាយមិនធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ទេនោះ ឱកាសដែលតម្លៃប្រេងអាចហក់ឡើងដល់១០០ដុល្លារ ក្នុងមួយបារ៉ែល គឺស្ទើរតែស្មើសូន្យ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មើលឃើញថា តម្រូវការប្រេងទូទាំងពិភពលោកនឹងកើនឡើងនៅឆ្នាំក្រោយ ដូចដែលខ្លួនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ។ ទីភ្នាក់ងារនេះបាននិយាយថា តម្រូវការប្រេងរបស់ពិភពលោក នឹងកើនឡើង១,១លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤ ហើយបានកត់សម្គាល់ថា ការផលិតប្រេងពីបណ្ដាប្រទេសអ្នកផលិតដែលមិនមែនជាសមាជិករបស់អង្គការ OPEC ក៏នឹងរួមចំណែក១លាន២សែនបារ៉ែលក្នុងមួយថ្ងៃដល់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកផងដែរ។

ទស្សនវិស័យឆ្នាំ២០២៤ របស់អង្គការ OPEC មានភាពខុសប្លែកគ្នាបន្តិចបន្តួចពីទស្សនវិស័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅពេលខ្លួនព្យាករថា ការផ្គត់ផ្គង់នឹងកើនឡើង២លាន២៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។

ទាក់ទិននឹងតម្លៃ ការវិភាគបច្ចេកទេសបង្ហាញថា ប្រេងឆៅក្នុងទីផ្សារអាមេរិក (WTI) នឹងស្ថិតក្នុងរង្វង់៦៥ដុល្លារក្នុងមួយបារ៉ែល ហើយស្ថិតក្នុងរង្វង់៦០ដុល្លារ សម្រាប់ប្រេងឆៅក្នុងទីផ្សារអង់គ្លេស (Brent) ប្រសិនបើវិបត្តិសេដ្ឋកិច្ចសកលកើតឡើង។

ដោយផ្អែកលើការបង្អង់ល្បឿនក្នុងសេដ្ឋកិច្ចពិភពលោក ធនាគារអាម៉េរិក Goldman Sachs បានបន្ទាបការព្យាកររបស់ខ្លួន ដោយរំពឹងថា ប្រេងឆៅក្នុងទីផ្សារអង់គ្លេស (Brent) នឹងមានតម្លៃជាមធ្យមចន្លោះពី៨០ដុល្លារ ទៅ៨១ដុល្លារក្នុងមួយបារ៉ែល។ ការព្យាករនេះស្របគ្នាជាមួយការព្យាកររបស់ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) ដែលរំពឹងថា ប្រេងឆៅក្នុងទីផ្សារអង់គ្លេស នឹងមានតម្លៃប្រមាណជាង៨២ដុល្លារ ក្នុងមួយបារ៉ែលនៅឆ្នាំ២០២៤។

ទន្ទឹមនេះ ធនាគារអង់គ្លេស បាឃ្លី(Barclays) បានព្យាករខ្ពស់ជាងគេថា ប្រេងឆៅនឹងមានតម្លៃជាមធ្យម៩៣ដុល្លារក្នុងមួយបារ៉ែល នៅឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាម៉េរិក S&P Global រំពឹងថា តម្លៃប្រេងឆៅនឹងស្ថិតក្នុងរង្វង់៨៥ដុល្លារក្នុងមួយបារ៉ែល។

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីទស្សនវិស័យតម្លៃប្រេងសម្រាប់ឆ្នាំ២០២៤ គឺត្រូវតាមដានឱ្យជាប់ នូវស្ថានភាពសេដ្ឋកិច្ចពិភពលោកដោយសារតម្រូវការប្រេងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងសកម្មភាពសេដ្ឋកិច្ច។

នៅពេលឈានចូលដល់ឆ្នាំ២០២៤ សូចនាករសេដ្ឋកិច្ចពិភពលោកហាក់មិនរឹងមាំប៉ុន្មាននោះទេ ហើយហានិភ័យដែលថា វិបត្តិសេដ្ឋកិច្ចពិភពលោកអាចនឹងកើតឡើង គឺនៅតែខ្ពស់នៅឡើយ។ ជាលទ្ធផលតម្លៃប្រេងនៅឆ្នាំ២០២៤ ខាងមុខ គឺមានសក្តានុពលធ្លាក់ចុះច្រើនជាងការហក់ឡើង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិន ដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ទេសចរណ៍ខ្នាតយក្សផលិតក្នុងស្រុក ជាលើកដំបូង

កប៉ាល់ទេសចរណ៍ខ្នាតធំដំបូងគេរបស់ចិន ដែលផលិតនៅក្នុងស្រុកត្រូវបានប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកមួយនេះ ដាក់ឱ្យដំណើរការសាកល្បង។ កប៉…

ទីក្រុងល្បែងម៉ាកាវ ទទួលបានភ្ញៀវទេសចរជិត៤សែននាក់ក្នុងរដូវកាលបុណ្យណូអែលរយៈពេល៣ថ្ងៃ

ទិន្នន័យផ្លូវការបង្ហាញថា ទីក្រុងម៉ាកាវ ដែលគេស្គាល់យ៉ាងទូលំទូលាយជារដ្ឋធានីល្បែងស៊ីសងរបស់ពិភពលោក ទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់អំឡុងរដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ