អាមេរិក-ចិន-កម្ពុជា

ចំណុចសំខាន់ៗអ្វីខ្លះ ត្រូវបានពិភាក្សានៅក្នុងជំនួបទល់មុខរវាងប្រមុខការពារជាតិអាមេរិក និងចិន នៅលើទឹកដីកម្ពុជា?


រដ្ឋមន្ត្រីការពារជាតិចិន និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកទីពីររបស់ពួកគេនៅក្នុងឆ្នាំ២០២២នេះ ដែលជំនួបនេះធ្វើឡើងនៅថ្ងៃអង្គារទី២២វិច្ឆិកា ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងជំនួបនោះរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប៉េកាំង និងវ៉ាស៊ីនតោន ហើយក៏បានបង្ហាញទៅកាន់ភាគីចិនពីក្តីព្រួយបារម្ភអំពីសកម្មភាពនៃកងទ័ពអាកាសចិន ដែលអាមេរិកបានចាត់ទុកថា កាន់តែគ្រោះថ្នាក់ទៅៗផងដែរ។
រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកជួបគ្នានៅកម្ពុជា!

នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយច្បាប់ពីក្រសួងការពារជាតិអាមេរិក នៅក្រោយកិច្ច​ប្រជុំបញ្ចប់ទៅ។

បើតាមសេចក្តីប្រកាសព័ត៌មាន​ពីភាគីក្រសួងការពារជាតិអាមេរិកដដែល នៅក្នុងជំនួបទល់មុខគ្នាលើកទីពីរជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe ក្នុងឆ្នាំនេះ លោក Lloyd Austin ក៏បានពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសន្ទនា​សំខាន់ៗ ស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការផងដែរ។

សេចក្តីប្រកាសព័ត៌មាន​ដដែលគូសបង្ហាញថា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងចំៗ ពីក្តីព្រួយបារម្ភ ទាក់ទិនអាកប្បកិរិយា ដែលអាមេរិកចាត់ទុកថា ជាសកម្មភាពដ៏គ្រោះថ្នាក់ធ្វើឡើងដោយយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបង្កើនហានិភ័យ​នៃគ្រោះថ្នាក់ក្នុងតំបន់ ស្របពេលដែលស្ថានការណ៍​កំពុងតានតឹងស្រាប់។

សូមររំឭកថា ពីខែឧសភាយន្តហោះចម្បាំងចិនមួយគ្រឿង​បានហោះស្ទាក់យន្តហោះស៊ើបការណ៍​យោធាអូស្ត្រាលី នៅក្នុងតំបន់​សមុទ្រចិនខាងត្បូង ក្នុងសកម្មភាព​ដែលស្ទើរតែ​បង្កជា​គ្រោះថ្នាក់ទៅហើយ។ នេះបើតាមការអះអាងពី ក្រសួងការពារជាតិអូស្រ្តាលីកាលពីខែមិថុនា។

ដោយឡែក មន្ត្រីអាមេរិកម្នាក់​ដែលនិយាយ​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ​បានឱ្យសារព័ត៌មាន​រ៉យទ័រដឹងថា លោក Austin និងលោក Wei ក៏បានពិភាក្សា​គ្នា​ពីរឿង​កោះតៃវ៉ាន់ផងដែរ ហើយថែមទាំង​បាននិយាយអំពីការចាប់ផ្តើម​កិច្ចសន្ទនា​មួយចំនួន​ឡើងវិញ ក្រោយត្រូវបានភាគីចិនលុបចោលបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់​។

បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន កិច្ច​ប្រជុំ​ប្រមាណ៩០នាទី​នៅ​កម្ពុជា​នេះ គឺធ្វើឡើង ដោយមានការអញ្ជើញ​ពីភាគីអាមេរិកមកកាន់ភាគីចិន ​ហើយវាជា​ជំនួប​លើក​ដំបូង​របស់​រដ្ឋមន្ត្រីការពារជាតិនៃប្រទេសមហាអំណាចទាំងពីរ​ បើរាប់ចាប់​​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi កាល​ពី​ខែ​សីហា ដែលកាលនោះបាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ ហើយប្រកាសផ្អាកកិច្ចសន្ទនាមួយចំនួនរវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ។

ជំនួបនេះទៀតសោតធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយវាក៏ជាជំនួបលើកទី២ផងដែរ សម្រាប់មន្ត្រីនិងមេដឹកនាំជាន់ខ្ពស់របស់មហាអំណាចទាំងពីរនៅក្នុងខែវិច្ឆិកានេះ ពោលគឺប្រធានាធិបតីចិន ស៊ី ជីនពីង ទើបជួបនិយាយជាមួយលោក ចូ​ បៃឌិន ប្រធានាធិបតីអាមេរិកអស់ពេល៣ម៉ោងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។

យ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីប្រកាសព័ត៌មានណាមួយនៅក្រោយកិច្ចប្រជុំ ពីភាគីក្រសួងការពារជាតិចិននៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារទី២២វិច្ឆិកា៕




អត្ថបទបន្ទាប់


អាមេរិកស្នើប្រធានក្រុមប្រឹក្សាសន្តិសុខUN ចេញសេចក្ដីថ្លែងការណ៍ ចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រ…

អាមេរិក និងអឺរ៉ុបអាចឈប់ពឹងផ្អែកលើអាគុយរថយន្ដអគ្គិសនីពីចិនបាន ប៉ុន្ដែត្រូវចំណាយទុន១៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០

សហរដ្ឋអាមេរិក និងអឺរ៉ុប អាចនឹងកាត់បន្ថយ ឬបញ្ឈប់ការពឹងផ្អែករបស់ពួកគេលើដង្ហើមប្រទេសចិន សម្រាប់អាគុយរថយន្តអគ្គិសនី ដោយតាមរយៈការចំណាយទុនថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ