ទោះបីជារដូវកាលដើរទិញឥវ៉ាន់នាថ្ងៃឈប់សម្រាកចូលមលដល់ក្នុងពេលខាងមុខក៏ដោយ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១២,៦% ក្នុងខែតុលាឆ្នាំនេះ ធៀបនឹងខែតុលាឆ្នាំមុន ដោយគិតជាទឹកប្រាក់មានត្រឹម ៤៧ពាន់លានដុល្លារប៉ុណ្ណោះ។ បើធៀបនឹងខែមុនខែកញ្ញា ការនាំចេញពីចិនទៅអាមេរិកធ្លាក់ចុះអស់ ១១,៦%។ នេះបើយោងតាមទិន្នន័យគយចិនដែលបានចេញផ្សាយកាលពីថ្ងៃទី២០វិច្ឆិកា។
ការនាំចេញទំនិញកំពូលៗរបស់ចិនទៅកាន់សហរដ្ឋអាមេរិក ដូចជាទូរសព្ទដៃ សម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង និងគ្រឿងសង្ហារឹម ទាំងអស់នេះបានធ្លាក់ចុះខ្លាំងកាលពីខែមុន ដោយសារការរីករាលដាលនៃជំងឺរាតត្បាត ទំនិញឡើងថ្លៃ និងអត្រាការប្រាក់នៅអាមេរិកក៏កើនឡើងខ្ពស់ ធ្វើឱ្យមានសម្ពាធលើអំណាចទិញរបស់អ្នកប្រើប្រាស់។
ទិន្នន័យគយចិនបានបង្ហាញទៀតថា ការនាំចេញរបស់ក្មេងលេង ហ្គេម និងផលិតផលកីឡាបានធ្លាក់ចុះ ៣៦% មកនៅត្រឹមតម្លៃ ជាង ២ពាន់៥រយលានដុល្លារអាមេរិក ខណៈដែលគ្រឿងសង្ហារឹម និងពូកបានធ្លាក់ចុះ ២៣% មកនៅត្រឹមជាង ២ពាន់៣រយលានដុល្លារអាមេរិក។
ឥទ្ធិពលនៃការដាក់បម្រាមហាមប្រាមរបស់សហរដ្ឋអាមេរិកលើទំនិញទាំងអស់ពីតំបន់ស៊ីនជាំង ប្រទេសចិន ពិសេសលើទំនិញសម្លៀកបំពាក់ ធ្វើឱ្យការនាំចេញសម្លៀកបំពាក់ពីចិនទៅអាមេរិកមានចំនួនត្រឹមតែជិត ២ពាន់៣រយលានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអស់ជាង ៣៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់ស៊ីនជាំងផលិតកប្បាសប្រហែល៩០%នៃផលិតកម្មសរុបនៅចិន ប៉ុន្តែការនាំចេញសម្លៀកបំពាក់ដែលផលិតដោយកប្បាសដាំដុះនៅស៊ីជាំង គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដែលជាច្បាប់បានចូលជាធរមានកាលពីខែមិថុនា ឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅតំបន់នោះ។
ក្រៅពីសម្លៀកបំពាក់ ការនាំចេញស្មាតហ្វូននៅខែតុលា ដែលជាផលិតផលដ៏មានតម្លៃបំផុតមួយនៅក្នុងការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដែរធៀបនឹងខែកញ្ញា បើទោះបីជាការចេញផ្សាយស៊េរី iPhone 14 ថ្មីរបស់ក្រុមហ៊ុន Apple បានធ្វើឡើងតាំងតែពី ពាក់កណ្តាលខែកញ្ញាក៏ដោយ។ យោងតាមទិន្នន័យគយ ប្រទេសចិនបាននាំចេញស្មាតហ្វូនមានចំនួនជាង១១លានគ្រឿងទៅកាន់សហរដ្ឋអាមេរិកក្នុងខែតុលា ដែលក្នុងនោះតិចជាងការនាំចេញកាលពីខែកញ្ញាជិត ៦០ម៉ឺនគ្រឿង។
ការផ្ទុះឆ្លងកូវីដ១៩ និងការបិទខ្ទប់នៅរោងចក្រ iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan បានបង្កឱ្យមានការចាកចេញរបស់កម្មករ និងបានរំខានដល់ការផលិតកាលពីខែមុន។ Apple ក៏បានព្រមានពីការនាំចេញ iPhone តិចជាងមុនសម្រាប់រដូវកាលឈប់សម្រាកចុងឆ្នាំនេះដែរ។
បើទោះជាមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបង្កពីវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្តេជ្ញាប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រកូវីដស្មើសូន្យដដែល ទោះបីជាខ្លួនបានប្រកាសពីការបន្ធូរបន្ថយតិចតួចនៅដើមខែនេះយ៉ាងណាក្ដី។
សូមជម្រាបថាកាលពីថ្ងៃអាទិត្យទី២០វិច្ឆិកាសប្តាហ៍មុន ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងមេរោគកូវិដ១៩ថ្មីៗជាង ២ម៉ឺន៤ពាន់ករណី រួមទាំងការផ្ទុះឡើងនៅក្នុងទីក្រុងធំៗដូចជា ហ្គ័រចូវ, ឆុងឈីង និងរដ្ឋធានីប៉េកាំង ព្រមទាំងមានការអនុវត្តវិធានការបិទខ្ទប់នៅតាមតំបន់មួយចំនួនផងដែរ៕