ការលើកឡើងរបស់ក្រុមអ្នកជំនាញបែបនេះ បានធ្វើឡើងនាឱកាស សិក្ខាសាលាស្ដីពី«ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មានអំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដែលរៀបចំដោយសមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា។
សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាមួយស្ដីពី«ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មានអំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ក្នុងគោលបំណងបញ្ច្រាបនូវចំណេះដឹងផ្នែកវិស័យធានារ៉ាប់រងដល់សាធារណៈជន និងជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ក្រុមអ្នកជំនាញ នៅក្នុងវិស័យធានារ៉ាប់រង បានកត់សម្គាល់ឃើញថា ដ្បិតថា វិស័យនេះ បានបង្ហាញវត្តមានជាច្រើនឆ្នាំនៅប្រទេសកម្ពុជាក្ដី ក៏ប៉ុន្តែ ការយល់ដឹងផ្នែកវិស័យធានារ៉ាប់រងរបស់ប្រជាជនកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ខណៈវិស័យនេះ ក៏នៅតែជាវិស័យថ្មីសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានកំណើន ២០% នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រង កើនឡើងដល់ប្រមាណ ៣០០លានដុល្លារ នៅឆ្នាំ២០២១។
បើតាមឯកឧត្តម ប៊ូ ច័ន្ទភីរូ បើទោះជាពិភពលោក បានរងនូវវិបត្តិកូវីដ១៩ ក៏ដោយចុះ តែទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ២០២១ បន្តរក្សាបាននូវកំណើនប្រមាណ១០% បើប្រៀបនឹងឆ្នាំ២០២០។ យ៉ាងណាមិញ បើសង្កេតមើលពីអត្រាភាគទានវិស័យធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជា មានតែប្រមាណ ១.១១% ប៉ុណ្ណោះ និងការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង មានតែ ១៨ដុល្លារ៧៥សេន ប៉ុណ្ណោះ ក្នុងមនុស្សម្នាក់ ដែលតួលេខនេះទាបជាងបណ្ដាប្រទេសនានា ក្នុងតំបន់។ សូចនាករទាំងនេះ បង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្ដានុពលធំធេង សម្រាប់ការរីកចម្រើន នាពេលអនាគត ខណៈការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាប ពិសេសចំណេះដឹងប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង ក៏នៅមានកម្រិត ផង
ដោយឡែក លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រង មានសារៈសំខាន់ និងពេញនិយមបំផុត នៅបណ្ដាប្រទេសមួយចំនួនដែលជឿនលឿន ក្នុងការធានាបាននូវហានិភ័យគ្រោះថ្នាក់ដោយជាយថាហេតុមួយចំនួន ដូចជា គ្រោះថ្នាក់ដល់អាយុជីវិត និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ ប្រធានសមាគមរូបនេះបន្តទៀតថា យ៉ាងណាមិញ នៅប្រទេសកម្ពុជា វិស័យនេះហាក់មិនទាន់មានការពេញនិយមនោះទេ សម្រាប់កម្ពុជា ថែមទាំងត្រូវបានសាធារណៈជនមើលរំលង ផងដែរ ដោយសារការយល់ដឹងរបស់ពលរដ្ឋកម្ពុជា អំពីហានិភ័យ និងអត្ថប្រយោជន៍ ពីវិស័យធានារ៉ាប់រង នៅមានកម្រិតនៅឡើយ។ បើតាមលោក ហ៊ុយ វ៉ាថារ៉ូ បច្ចុប្បន្ន ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ហាក់មានទំហំទីផ្សារតូចនៅឡើយ មានន័យថា ប្រជាជនកម្ពុជា ភាគច្រើនមិនទាន់មានការប្រើប្រាស់នូវសេវាធានារ៉ាប់រង។
យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា ដ្បិត បច្ចុប្បន្ន វិស័យធានារ៉ាប់នៅកម្ពុជា នៅមានភាពក្មេងខ្ចីនៅឡើយ តែតាមរយៈសិក្ខាសាលាខាងលើ សាធារណៈជនកម្ពុជា នឹងកាន់តែយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ និងហានិភ័យនានា ក៏ដូចជា ជំរុញបន្ថែមឲ្យវិស័យធានារ៉ាប់រងកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ លើសពីនេះ ក្រុមអ្នកជំនាញ ក៏បានបង្ហាញនូវរំពឹងយ៉ាងមុតមាំ ផងដែរថា ក្រោយមានការចូលរួមសិក្ខាសាលារបស់អ្នកសារព័ត៌មាន នឹងកាន់តែធ្វើឲ្យវិស័យធានារ៉ាប់រង កាន់តែរឹងមាំ និងធន់ជាងមុន ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងសរុប ចំនួន ៣៩ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន១៨,ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៧ក្រុមហ៊ុន។ ដោយឡែក ប្រភេទធានារ៉ាប់រង ដែលពេញនិយមសម្រាប់កម្ពុជា មានដូចជា ធានារ៉ាប់រងប្រភេទសន្សំ មាន ៧៦%,ធានារ៉ាប់រងប្រភេទការពារអាយុជីវិតជាក្រុម មាន១៦% និងធានារ៉ាប់រង ប្រភេទការពារជីវិតតាមកាលកំណត់ មាន៦%៕