ក្រោយជំនួបពិភាក្សា ភាគីចិនបានអះអាងថា ខ្លួនបានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក ឲ្យធ្វើយ៉ាងណា គិតគូរដកចេញវិញ នូវរនាំងពន្ធគយដែលបានដាក់មកលើទំនិញចិន កាលពីជំនាន់រដ្ឋបាលលោកដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋចិនស៊ិនហួរ និង ព័ត៌មានអន្តរជាតិធំៗជាច្រើនទៀត។
សម្រាប់សហរដ្ឋអាមេរិក ជំនួបពាណិជ្ជកម្មលើកនេះ ជាការធ្វើតេស្តសាកល្បងការចរចាជាមួយចិន ដើម្បីបើកផ្លូវទៅរកជំហានថ្មីមួយក្នុងការផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ ក្រោយប្រទេសអំណាចសេដ្ឋកិច្ចទាំងពីរបានប្រឈមមុខដាក់គ្នាក្នុងវិស័យពាណិជ្ជកម្ម ចាប់តាំងពីរដ្ឋបាលលោកត្រាំមកម្ល៉េះ។
ក្រោយជំនួប ក្រុងវ៉ាស៊ីនតោនបង្ហាញការរក្សាជំហរអនុវត្តពាណិជ្ជកម្មដូចជំនាន់លោកត្រាំដដែល ប្រសិនបើចិនមិនបានផ្លាស់ប្តូរតាមអ្វីដែលអាមេរិកចង់បាន។ សម្រាប់អាមេរិក ការអនុវត្តពាណិជ្ជកម្មរបស់ចិនកន្លងមក គឺធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងជាពិសេសប៉ះពាល់ដល់កសិកម្មនៅអាមេរិក។
ប៉ះពាល់គឺនៅត្រង់ថា អាជីវកម្ម និងកសិកម្មនៅចិន ត្រូវបានជួយជ្រោមជ្រែងដោយរដ្ឋចិន ហើយមិនមានការប្រកួតប្រជែងទីផ្សារឡើយ ខុសប្លែកពីផលិតផលរបស់អាមេរិក ដែលបង្កើតឡើងដោយពលរដ្ឋអាមេរិក មិនមានការជ្រោមជ្រែងពីរដ្ឋអាមេរិកទេ ដែលជាហេតុធ្វើឲ្យទំនិញមានតម្លៃថ្លៃជាង និង ពិបាកធ្វើពាណិជ្ជកម្មរវាងគ្នា។
យ៉ាងណាមិញ សម្រាប់ភាគីចិន នៅតែបន្តទាមទារឲ្យអាមេរិកដកចេញវិញនូវ រនាំងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ ជាក់ស្តែង សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ភាគីចិនបានចរចាអំពីការលុបចោលពន្ធគយ និង ការដាក់ទណ្ឌកម្មនានា ព្រមទាំងបញ្ជាក់ជំហររបស់ចិនលើគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលនយោបាយឧស្សាហកម្មរបស់ចិនថ្មីមួយផងដែរ។
គួរជម្រាបថា ប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដ៏រ៉ាំរ៉ៃ យូរអង្វែងមួយនេះ ដោយនឹងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងគ្នា។ គេសង្កេតឃើញថា ភាគីទាំងពីរ ហាក់បន្ទន់ឥរិយាបថដាក់គ្នាជាងមុនបន្តិច ហើយ ដោយបានយល់ព្រមបន្តដោះស្រាយទំនាស់ដោយស្មើភាពគ្នា គោរពសិទ្ធគ្នាទៅវិញទៅមក និង បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។ នេះបើតាមសេចក្តីប្រកាសរួមក្រោយជំនួបពិភាក្សារវាងតំណាងពាណិជ្ជកម្មអាមេរិក ហើយនិង ចិន កាលពីចុងសប្ដាហ៍មុននេះ៕