បើយោងតាមក្រសួងការបរទេសចិនឱ្យដឹងថា ចិនមានឆន្ទៈបន្តធ្វើការជាមួយហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវតាមបែបមិត្តភាពនិងការពិគ្រោះ យោបល់គ្នា។ ក្រៅពីនោះ ចិនចង់ចាប់ផ្តើមការចរចាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នឡើងវិញក្នុងដែនសមុទ្រនៃប្រទេសទាំងពីរ ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រេង និងឧស្ម័ននៅក្នុងតំបន់គ្មានជម្លោះតែម្តង។
ទោះមានការថ្នាំងថ្នាក់នឹងគ្នាលើតំបន់សមុទ្រចិនខាងត្បូងក៏ពិតមែន ប៉ុន្តែមេដឹកនាំក្រុងម៉ានីល នឹងបន្តទស្សនកិច្ច៣ថ្ងៃពេញនៅប៉េកាំងចាប់ពីថ្ងៃអង្គារទី០២មករា ដល់ថ្ងៃព្រហស្បតិ៍ទី០៥មករា។ ការដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើងវិញ ជាបំណងមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀតរបស់ លោកម៉ាកូស ប្រធានាធិបតីហ្វីលីនពីនដែលទើបឡើងកាន់តំណែងរូបនេះ។
ភាគីហ្វីលីពីនស្វាគមន៍ ចំពោះការចង់បន្តការចរចាររុករកប្រេងនិងឧស្ម័ននៅសមុទ្រចិនខាងត្បូង បើទោះបីបំណងធំរបស់រដ្ឋាភិបាលក្រុងម៉ានីល គឺដើម្បីរកដំណោះស្រាយក្នុងបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងក៏ដោយ។
ប្រការនេះបានសេចក្តីថា ហ្វីលីពីន និងចិននៅតែបន្តភាពជាប់គាំងក្នុងជម្លោះដែនទឹកដី នៅសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិមហាសាលដដែល។ ទីក្រុងប៉េកាំង បានទាមទារនិងក្រសោបយកស្ទើរតែទាំងស្រុងនៃដែនទឹកមួយនេះដោយផ្អែកលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួននោះ។ រដ្ឋអំណាចប៉េកាំងថែមទាំងច្រានចោលសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្នុងឆ្នាំ២០១៦ ដែលសម្រចឱ្យចិនចាញ់ក្តីជាមួយហ្វីលីពីនផងដែរ។
ដោយឡែក ការិយាល័យប្រធានាធិបតីហ្វីលីពីនវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយជំនួបជាមួយភាគីចិនថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ កាលពីថ្ងៃពុធ រួមទាំងកិច្ចព្រមព្រៀងលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សន្តិសុខដែនសមុទ្រ និងទេសចរណ៍។
ក្នុងនោះរដ្ឋអំណាចប៉េកាំង ក៏បានសន្យាផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ពីការគាំទ្រសម្រាប់ការវិនិយោគរបស់ចិនទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសក្បែរខាងមួយនេះក្នុងការអភិវឌ្ឍភូមិលំនៅដ្ឋាន និងបច្ចេកវិទ្យាកសិកម្ម ការអប់រំជាមូលដ្ឋាន រួមទាំងវ៉ាក់សាំងជាដើម។
គួរកត់សម្គាល់ថា ប្រទេសចិន និងហ្វីលីពីនបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់នៅលើសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីចិនបានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការរក្សានិងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅលើនៅទីតាំងមានជម្លោះផងដែរ៕