យោងតាមការចុះផ្សាយរបស់គេហទំព័រ Fashion Network កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីដែលជាម្ចាស់ Brand ឬម៉ាកយីហោទំនិញប្រណីតល្បីៗទូទាំងពិភពលោកបានធ្លាក់ចុះខ្លាំងរហូតដល់ទៅ១៧ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ នេះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ លោក ប៊ែរណាដ អាណូល (Bernard Arnault) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទំនិញប្រណីតបារាំង LVMH ដែលជាក្រុមហ៊ុនទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោកបានជ្រុះបាត់បង់តំណែងជាកំពូលមហាសេដ្ឋីទី១របស់ពិភពលោកនៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg។
ទន្ទឹមនេះ លោកស្រី ហ្វ្រង់ស័រ បេតង់គួ ម៉េយ័រ (Francoise Bettencourt Meyers) អនុប្រធានក្រុមហ៊ុនបារាំង ឡូរ៉េអាល់ (L'Oréal) ដែលជាក្រុមហ៊ុន Cosmetic ធំបំផុតរបស់ពិភពលោក ក៏បានជ្រុះបាត់តំណែងជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកផងដែរ ដោយតំណែងនេះបានទៅលើលោកស្រី អាលីស វ៉លតុន (Alice Walton) ដែលជាអ្នកស្នងតំណែងគ្រប់គ្រងក្រុមហ៊ុនអាម៉េរិក Walmart។
របាយការណ៍ស្ដីពីប្រាក់ចំណូលបានបង្ហាញពីការផ្ទុះវិបត្តិនៅក្រុមហ៊ុនទំនិញប្រណីត Burberry និង Swatch ខណៈដែលក្រុមហ៊ុនទំនិញប្រណីតផ្សេងៗទៀតដូចជា LVMH និង ឡូរ៉េអាល់ (L'Oréal) ជាដើម ក៏កំពុងជួបការលំបាកដោយសារអាជីវកម្មធ្លាក់ចុះផងដែរ។
របាយការណ៍ដដែលបង្ហាញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីដែលជាម្ចាស់ម៉ាកយីហោទំនិញប្រណីតៗរបស់ពិភពលោកបានធ្លាក់ចុះ៤%នៅឆ្នាំនេះ បើធៀបនឹងការកើនឡើងទ្រព្យសម្បត្តិ១៣% សម្រាប់មហាសេដ្ឋីផ្សេងៗទៀត។
សូមបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់លោក ប៊ែរណាដ អាណូល (Bernard Arnault) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទំនិញប្រណីតបារាំង LVMH បានធ្លាក់ចុះ៧,៤ពាន់លានដុល្លារអាម៉េរិក ចំណែកឯទ្រព្យសម្បត្តិរបស់លោកស្រី ហ្វ្រង់ស័រ បេតង់គួ ម៉េយ័រ (Francoise Bettencourt Meyers) អនុប្រធានក្រុមហ៊ុនបារាំង ឡូរ៉េអាល់ (L'Oréal) បានធ្លាក់ចុះ៩ពាន់លានដុល្លារអាម៉េរិក ហើយទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង លោក ហ្វ្រង់ស័រ ពីណូល (Francois Pinault) បានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីផ្សេងៗទៀតបានកើនឡើង៕ដោយ: តែម សុខុម