ទន្ទឹមនេះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ១៩ឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។
តាមការសិក្សាពីអ្នកជំនាញផ្នែកវិទ្យាសាស្ត្រវេជ្ជាសាស្ត្របានបង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលជាមួយឆ្នាំ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្ដែបុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ។ បញ្ហាដែលគេសង្កេតឃើញថាច្រើនកើតមាននោះ លើអ្នកជាពីជំងឺកូវីដ១៩នោះរួមមាន៖ ឆាប់នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង អាចមានឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឬឈឺក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ករណីនេះអាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តកើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។ ការចាក់វ៉ាក់សាំងកូវីដ១៩ ដួសទី៣ ឬដូសជំរុញ នាពេលនេះ នឹងជួយពង្រឹងកងការពារ ដើម្បីទប់ទល់ពីការវ៉ៃលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ។
រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦ ទៅ ១២ខែ ឫអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើមជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឱ្យមានការឆ្លងកូវីដ១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។ អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថា តើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គបុគ្គល ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយៈពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឱ្យមានការសិក្សា ច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ