យោងតាមសារព័ត៌មានចិន CCTV និងសារព័ត៌មានធំផ្សេងទៀតបានរាយការណ៍ថា មេដឹកនាំទាំង២ គឺលោក ស៊ី ជីនពីង និងលោក ពូទីន បានជួបពិភាក្សាគ្នាពីរបៀបវារៈមួយចំនួនរួមមានទំនាក់ទំនងទ្វេភាគី និងវិបត្តិដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនផងដែរ។
មេដឹកនាំទាំង២នេះបានផ្លាស់ប្តូរទស្សនគ្នាស៊ីជម្រៅ និងដោយស្មោះត្រង់លើទំនាក់ទំនងចិន-រុស្ស៊ី និងបញ្ហាដែលផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ស៊ី បាននិយាយថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ លោក និងលោក ពូទីន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយលោក ស៊ី ក៏បានអរគុណលោក ពូទីន ដែលបានផ្ញើសារអបអរសាទរភ្លាមៗចំពោះលោក ដែលបានជាប់ឆ្នោតជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣របស់លោកផងដែរ។
ក្រៅតែពីលើកសរសើរគ្នាទៅវិញទៅមកនៅ ក្នុងចំណងការទូតរវាងគ្នាអស់រយៈពេលជាច្រើនមកហើយនោះ មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២នេះ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លោក ស៊ី បានសង្កត់ធ្ងន់ថា សំឡេងសម្រាប់សន្តិភាព និងភាពសមហេតុផលបាននិងកំពុងកើតឡើងនៅលើបញ្ហានៅអ៊ុយក្រែន ហើយថា ប្រទេសភាគច្រើនបានគាំទ្រការបន្ធូរបន្ថយភាពតានតឹង គាំទ្រឱ្យមានកិច្ចចរចាសន្តិភាព និងប្រឆាំងនឹងចាក់សាំងបន្ថែមទៅលើភ្លើងសង្គ្រាមដែលកំពុងឆាបឆេះ។ លោក ស៊ី បានបន្ថែមថា តាមប្រវត្តិសាស្រ្តបង្ហាញថា នៅទីបញ្ចប់ជម្លោះទាំងអស់ គឺសុទ្ធតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការចរចាគ្នា។
លោក ស៊ី បាននិយាយថា ប្រទេសចិនបានចេញផ្សាយឯកសារមួយស្តីពីជំហររបស់ខ្លួនលើវិបត្តិអ៊ុយក្រែន ដោយបានតស៊ូមតិលើដំណោះស្រាយនយោបាយនៃវិបត្តិនេះ និងបានច្រានចោលគំនិតនៃសង្គ្រាមត្រជាក់ និងការដាក់ទណ្ឌកម្មឯកតោភាគីផងដែរ។
លោក ស៊ី ជឿថា កាន់តែមានការលំបាក គឺកាន់តែតម្រូវឲ្យរក្សាកន្លែងសម្រាប់សន្តិភាពឱ្យកាន់តែច្រើន ហើយបើមានកាន់តែមានបញ្ហាធ្ងន់ធ្ងរ គឺកាន់តែចាំបាច់ត្រូវតែបន្តកិច្ចប្រឹងប្រែងសម្រាប់កិច្ចចរចាគ្នាឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។ ទោះយ៉ាងណាលោក ស៊ី បានបញ្ជាក់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហានៅអ៊ុយក្រែន។
លោក ពូទីន បាននិយាយតបវិញថា ប្រទេសរុស្ស៊ីសូមកោតសរសើរចំពោះប្រទេសចិនដែលតែងតែប្រកាន់ខ្ជាប់នូវជំហរមិនលម្អៀង និងមានជំហរតុល្យភាពព្រមទាំងគាំទ្រភាពត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអន្តរជាតិធំៗ។
លោក ពូទីន បានបន្ថែមថា រុស្ស៊ីបានសិក្សាដោយប្រុងប្រយ័ត្ននូវឯកសារគោលជំហររបស់ចិនស្តីពីដំណោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយបើកចំហរសម្រាប់កិច្ចពិភាក្សាដើម្បីសន្តិភាព ហើយលោក ពូទីន បានបន្ថែមថា រុស្ស៊ីសូមស្វាគមន៍ចិនក្នុងការដើរតួនាទីស្ថាបនានៅក្នុងរឿងនេះ៕
អត្ថបទ ៖ សុខ ជា