តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះមានភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយទីផ្សារមូលបត្រកម្ពុជា?
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជាបានបង្ហាញពីហេតុផលមួយចំនួន ដែលធ្វើឲ្យក្រុមហ៊ុនគ្រាក់ៗនៅកម្ពុជាហាក់នៅមានការស្ទាក់ស្ទើរក្នុងការចូលរួមបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណនៅទីផ្សារមូលបត្រកម្ពុជា ដែលកំពុងមានការរីកចម្រើនជាលំដាប់។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះនៅស្ទាក់ស្ទើរក្នុងការចូលរួមជាមួយផ្សារមូលបត្រកម្ពុជា?
ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានវាយតម្លៃថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនធំៗ គ្រាក់ៗ នៅកម្ពុជាមិនទាន់ចាប់អារម្មណ៍ជាមួយការបោះផ្សាយលក់ភាគ ឬបណ្ណបំណុលនៅផ្សារមូលបត្រកម្ពុជា គឺអាចមកពីក្រុមហ៊ុនទាំងនោះគិតថា ផ្សារភាគហ៊ុននៅមានទំហំតូច ហើយការជួយប្រចាំថ្ងៃក៏មានចំនួនតិចនៅឡើយ។ ទោះយ៉ាងណា ឯកឧត្តមមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនធំៗទាំងនោះ នឹងមានការចាប់អារម្មណ៍មកលើទីផ្សារភាគហ៊ុនកម្ពុជា នៅពេលផ្សារមូលបត្រអាចទាក់ទាញក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន ហើយការជួញដូរមានតម្លៃរាប់រយលានដុល្លារក្នុង១ថ្ងៃ។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជាកំពុងសិក្សា និងសម្លឹងមើលឱកាសក្នុងការវិនិយោគលើវិស័យភាគហ៊ុនជាបណ្តើរៗហើយ។ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា ក្នុងជំនួបជាមួយឯកឧត្តមកាលពីពេលថ្មីៗ ធនាគារ ជីប ម៉ុង ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្ហាញពីគោលបំណងចង់ចូលរួមជាមួយផ្សារមូលបត្រកម្ពុជាដែរ។ ប៉ុន្តែ ឯកឧត្តមមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះនោះទេ។ ឯកឧត្តម ជឿជាក់ថា ក្រុមហ៊ុនជាច្រើននឹងផ្តើមការចាប់អារម្មណ៍មកផ្សារភាគហ៊ុនកម្ពុជា នៅពេលទីផ្សារនេះ មានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន និងមានទំហំជួញដូរកាន់តែធំនាពេលអនាគតដ៏ខ្លីខាងមុខ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ក្រោយដាក់ឲ្យដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុនចំនួន៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៧ចុះផ្សាយលក់សញ្ញាបណ្ណឬបណ្ណបំណុល។ បច្ចុប្បន្នការជួញដូរប្រចាំថ្ងៃជាមានដល់ទំហំ១លានដុល្លារអាមេរិកក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំមុន ជាមធ្យមមានការជួញដូរ២៧ម៉ឺនដុល្លារក្នុង១ថ្ងៃ៕