ក្រុមអ្នកជំនាញនៅតែអះអាងថា ផ្អែកតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ មួយចំនួន សេដ្ឋកិច្ចកម្ពុជា នៅឆមាសទី២ក្នុងឆ្នាំ២០២៣ នឹងមានសុខភាពល្អប្រសើរ ជាពិសេសវិស័យនាំចេញ កំណើននៃវិស័យសេវាកម្មទេសចរណ៍ និងវិស័យឧស្សាហកម្មមិនមែនកាត់ដែរ ជាដើម។
នៅក្នុងជំនួបពិភាក្សាមួយកាលពេលថ្មីៗ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមបេសកកម្មរបស់មន្រ្តីនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Davide Furcer ប្រធានក្រុមបេសកកម្ម បានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសកល និងបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗ របស់កម្ពុជាអាចនឹងមានភាពល្អប្រសើរ ក្នុងឆមាសទី២ឆ្នាំ២០២៣នេះ។ មន្ត្រីជាន់ខ្ពស់របស់ IMFរូបនេះបន្ថែមថា កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្មទេសចរ និងវិស័យឧស្សាហកម្មមិនមែនកាត់ដែរ។ បើតាមមន្ត្រី IMF ដដែល ទោះបីជា សេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរបើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការវិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានា មកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញនៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា ផងដែរ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្ម សេវាកម្ម និងទេសចរណ៍ នៅតែដើរតួរនាទីដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ លោកបណ្ឌិត ហុង វណ្ណៈ នៅតែរំពឹងខ្ពស់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣នេះ នៅតែរឹងមាំ និងរក្សាបាននូវសញ្ញាណវិជ្ជមាន ដោយផ្អែកលើការងើបឡើងវិញនៃវិស័យសំខាន់ៗ របស់កម្ពុជា ពិសេសវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ជាដើម ខណៈវិស័យសំខាន់ៗ ទាំងអស់នេះ បានបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ ថែមទៀត។
បើទោះបីជា ក្រុមអ្នកជំនាញសេដ្ឋកិច្ចបន្តវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ល្អប្រសើរ ក៏ពិតមែន តែបើក្រឡេកទៅមើលរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការនាំចេញរបស់កម្ពុជា នារយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះប្រមាណ ៥% ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ តែម្ដង។ ជុំវិញបញ្ហានេះអ្នកជំនាញបានអះអាងថា បញ្ហាប្រឈមធំៗ របស់ពិភពលោក ដូចជា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជា ការកើនឡើងនូវអតិផរណា នៅតែបន្តជះឥទ្ធិពលអវិជ្ជមាន សម្រាប់ការនាំចេញរបស់កម្ពុជា៕