តើក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន សម្រេចបាននូវលទ្ធផលផ្លែផ្កាយ៉ាងណា?
តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការ ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ក្រោមមូលបទ«ទឹកសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃទឹក ដែលជាធនធានចាំបាច់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយសម្ដេច បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាពសម្រាប់ ពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈ ការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រ ដល់ការគ្រប់គ្រងធនធានទឹក ទាំងនៅក្នុងប្រទេស ក្នុងកម្រិតតំបន់ និងសកលលោក។
នៅក្រៅកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានរំលឹកដោយការពេញចិត្តចំពោះជោគជ័យន ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម គីស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីទាំង ពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យជាច្រើន ក្នុងរយៈពេលជិត ៧០ឆ្នាំនេះ។
ប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេសដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងរៀបចំប្រព័ន្ធស្រោចស្រព នៅកម្ពុជា ផងដែរ។ នៅចំពោះពោះមុខសម្តេចតេជោហ៊ុន សែន ឯកឧត្តម គីស៊ីដា បានបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញារបស់ជប៉ុន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមទៀត និងបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាក់ព័ន្ធនឹងទឹក ស្របតាមស្មារតី សេចក្តីប្រកាសទីក្រុងខឹម៉ាមូតុ និងអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និង ឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
សម្ដេច ហ៊ុន សែន និង ឯកឧត្តម គីស៊ីដា ហ្វ៊ីមីអូ ក៏បានធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។ បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានទទួលជួបពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនវិនិយោគធំៗ ចំនួន៨ របស់ជប៉ុន ដើម្បីជំរុញឱកាសវិនិយោគបន្ថែម នៅកម្ពុជា ពិសេសក្រុមហ៊ុន មីតស៊ូប៊ីស៊ី (MITSUBISHI) ដែលបានវិនិយោគអស់រយៈពេល ២៥ឆ្នាំមកហើយ នៅកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន នឹងជំរុញឲ្យប្រទេសទាំងកម្ពុជា និងជប៉ុន កាន់តែបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជា ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី ផងដែរ។ ជាក់ស្ដែង នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ ខណៈជប៉ុន បាននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕