បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានតួនាទីសំខាន់ក្នុងការផ្ដល់លទ្ធភាពឱ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែមនូវសក្តានុពលសេដ្ឋកិច្ចរវាងគ្នា ដែលនឹងកា្លយជាកម្លាំងចលករជំរុញកំណើនរួម តាមរយៈការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគីជាដើម។ ជាមួយគ្នានេះ អេមីរ៉ាតអារ៉ាប់រួមអាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយកម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូលផងដែរ។
ថ្លែងក្នុងការប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែកប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបន្តគាំទ្រដល់ភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានតួនាទីសំខាន់ក្នុងការផ្ដល់លទ្ធភាពឱ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែមនូវសក្តានុពលសេដ្ឋកិច្ចរវាងគ្នា ដែលនឹងកា្លយជាកម្លាំងចលករជំរុញកំណើនរួម តាមរយៈការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគីជាដើម។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បន្តថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយនឹងបន្តពង្រឹងមិត្តភាព ដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរនេះ នាពេលបច្ចុប្បន្ន ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះមានកាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចផងដែរ។ អេមីរ៉ាតអារ៉ាប់រួមអាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េតអាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ ឯកឧត្តមបណ្ឌិតបន្តថា កម្ពុជាគឺជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ចនៅក្នុងបេះដូងអាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យថាមពលកកើតឡើងវិញផងដែរ។ ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នាក្នុងការផ្តល់នូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយអេមីរ៉ាតអារ៉ាប់រួម ជឿជាក់ថានឹងអាចធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងការនាំចេញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងភ័ស្តុភារកម្ម។
បើតាម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា តាមការបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះ កម្ពុជានឹងឱកាសអាចនាំចូលនូវទំនិញមួយចំនួនពីអេមីរ៉ាតអារ៉ាប់រួម ដូចជាប្រភេទដំណាប់ផ្លែឈើ និងជាពិសេសគឺការនាំចូលប្រេងតែម្តង លើសពីនេះកម្ពុជាក៏បានទាក់ទាញឲ្យអេមីរ៉ាតអារ៉ាប់រួម មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ទាក់ទងនឹងការកែច្នៃក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងវិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា នៅរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៨០លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមប្រសួងពាណិជ្ជកម្ម៕