ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបារម្ភថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ អាចនឹងត្រូវធ្វើឡើងក្នុងសមរភូមិអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន និងនិងមន្ត្រីគ្រាក់ៗរបស់លោកបាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនប្រើអាវុធប្រល័យលោកនេះ ដើម្បីការការពារទឹកដីរបស់ខ្លួន។
អ្នកជំនាញនិងស្រាវជ្រាវគ្រប់គ្រងអាវុធប្រល័យលោកបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីជជែកគ្នាពីការកំណត់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ (TNW) ហើយពួកគេបានកំណត់ថា វាជាអាវុធដែលប្រើសម្រាប់កម្ចេចទីតាំងយុទ្ធសាស្ត្រជាក់លាក់នៅលើសមរភូមិ ជាជាងដើម្បីបំផ្លាញទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ឬរុស្ស៊ី។
មានមនុស្សតិចណាស់ដែលដឹងច្បាស់ថាតើ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (TNW) មានប៉ុន្មានគ្រាប់នោះព្រោះវាជារឿងដែលត្រូវលាក់ការសម្ងាត់បំផុតក្នុងសម័យសង្រ្គាមត្រជាក់រវាងមហាអំណាចអាមេរិក និងសហភាពសូវៀត។
ទោះជាយ៉ាងណាក៏ដោយ ច្បាស់ណាស់ បើនិយាយពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ រុស្ស៊ីមានមានក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតតូច ដែលអាចប្រើការបានប្រហែល២ពាន់គ្រាប់ ច្រើនជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូ ១០ ដងឯណោះ ហើយក្បាលគ្រាប់ទាំងនោះអាចបញ្ជូនដោយបាញ់ចេញតាមតាមរយៈមីស៊ីលផ្លោង មីស៊ីលបណ្តែត និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ព្រមទាំងគ្រាប់បែកបំពាក់លើកងទ័ពជើងទឹក កងទ័ពជើងអាកាស និងជើងគោករបស់រុស្ស៊ី។
សហរដ្ឋអាមេរិកមានអាវុធប្រភេទនេះប្រហែល ២០០ គ្រាប់ ដែលពាក់កណ្តាលត្រូវដាក់នៅមូលដ្ឋានយោធាក្នុងទ្វីបអឺរ៉ុប ក្នុងនោះគ្រាប់បែកនុយក្លេអ៊ែរ B៦១ ដែលមានកម្លាំងបំផ្ទុះពី ០,៣ ទៅ ១៧០ គីឡូតុន ឬស្មើនឹង១៧ម៉ឺនតោន ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានកងទ័ពជើងអាកាសចំនួន៦ទីតាំងនៅទូទាំងប្រទេសអ៊ីតាលី អាល្លឺម៉ង់ ទួរគី បែលហ្ស៊ិក និងហូឡង់។ គួរជម្រាបដែរថា គ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៤៥ មានកម្លាំងបំផ្ទុះត្រឹមតែ ១៥ គីឡូតុន ឬស្មើនឹង១ម៉ឺន៥តោនប៉ុណ្ណោះ។
តើអ្នកណាជាអ្នកបញ្ជាចុងក្រោយបំផុតក្នុងការបាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី?
ប្រាកដណាស់ ប្រធានាធិបតីរុស្ស៊ី គឺជាអ្នកសម្រេចចិត្តចុងក្រោយ នៅពេលនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ទាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រកម្រិតធំ និងនុយក្លេអ៊ែរកម្រិតតូច នេះបើយោងតាមគោលការលទ្ធិនៃអាវុធនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង។
អ្វីដែលគេហៅថា កាបូបយួរដៃនុយក្លេអ៊ែរ ឬ «Cheget» គឺនៅជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីនគ្រប់ពេលវេលា ហើយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបច្ចុប្បន្ន លោក Sergei Shoigu និងជាប្រធានអគ្គសេនាធិការយោធារុស្ស៊ី លោក Valery Gerasimov ក៏ត្រូវបានគេគិតថាមានកាបូបយួរដៃនុយក្លេអ៊ែរបែបនេះដូចគ្នាដែរ។
ប្រសិនបើរុស្ស៊ីគិតថា ខ្លួនប្រឈមមុខនឹងការវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមរយៈកាបូបយួរដៃនោះ នឹងបញ្ជូនសារបញ្ជាបាញ់ដោយផ្ទាល់ទៅកាន់ទីបញ្ជាការបុគ្គលិកទូទៅ និងអង្គភាពបញ្ជាការបម្រុង ដែលកាន់លេខកូដសម្ងាត់នុយក្លេអ៊ែរ។ ហើយការបញ្ជាបាញ់បែបនេះ ត្រូវបានប្រតិបត្តិការយ៉ាលឿនតាមប្រព័ន្ធទំនាក់ទំនងទៅកាន់អង្គភាពកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្រ ដោយនឹងត្រូវបាញ់ចេញទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបភ្លាមៗតែម្តង។
យោងតាមលោក Jeffrey Lewis អ្នកជំនាញគ្រប់គ្រងសព្វាវុធនៅវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា «លោកគិតថា ពូទីន នឹងផ្តល់សញ្ញាឲ្យដឹងជាមុន ប្រសិនបើលោកត្រៀមបាញ់វានោះ ព្រោះលោក ពូទីន ចង់ឱ្យលោកខាងលិចឃើញថា ខ្លួនកំពុងឆ្ពោះទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមួយអ៊ុយក្រែន ឬបែរមករកការចរចារវិញនោះ»។
យ៉ាងណាមិញ លោក Hans Kristensen នាយកនៃគម្រោងព័ត៌មាននុយក្លេអ៊ែរនៅសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា «លោកគិតថា ពូទីន ប្រហែលជាចង់ឲ្យប្រទេសលោកខាងលិចដឹង មុននឹងលោករៀបចំការបាញ់នោះ ព្រោះលោកចង់ឲ្យបស្ចិមលោកបុកពោះ និងគិតសាជាថ្មីលើការជួយអ៊ុយក្រែន»។
គួររលឹកថា នៅពេលដែលសហភាពសូវៀតដួលរលំនៅឆ្នាំ ១៩៩១ ប្រទេសរុស្ស៊ីបានស្នងមរតកនៃក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល២ម៉ឺន២ពាន់គ្រាប់ ខណៈដែលសហរដ្ឋអាមេរិកមានប្រមាណជាង ១ម៉ឺន១ពាន់គ្រាប់ ដែលអាវុធទាំងនេះភាគច្រើនត្រូវបានជួសជុល៕