ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន មិនមែនជាដំណឹងល្អទាំងអស់នោះទេ!

តើការបើកប្រទេសឡើងវិញរបស់ចិន នឹងអាចជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក?


បន្ទាប់ពីបិទប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងនៃវិធានការសូន្យកូវីដ កាលពីខែធ្នូចុងឆ្នាំ២០២២ ចិនបានសម្រេចបើកប្រទេសវិញហើយ ដោយរំពឹងថានឹងអាចសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយស្ដារសេដ្ឋកិច្ចក្នុងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញ។ ទោះជាយ៉ាងណា ក៏មានដែរជ្រុងអវិជ្ជមាននៃការបើកប្រទេសឡើងវិញរបស់ចិននេះ នោះគឺការកើនឡើងនូវកម្រិតអតិផរណា ដែលវាបានក្លាយទៅជាការព្រួយបារម្មណ៍ថ្មីមួយសម្រាប់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន មិនមែនជាដំណឹងល្អទាំងអស់នោះទេ!

ការបើកឡើងវិញនៃប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ បានបង្កក្តីបារម្ភដល់ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ លោហធាតុសំខាន់ៗក្នុងវិស័យឧស្សាហកម្ម និងស្បៀងអាហារជាសកលនៅឆ្នាំ២០២៣នេះ។ ការឡើងថ្លៃនេះក៏ដោយសារតែ ចិនដែលមានប្រជាជនច្រើនជាងគេមួយក្នុងពិភពលោក ចាប់ផ្តើមមានតម្រូវការប្រើប្រាស់ច្រើនឡើងវិញភ្លាមៗ។

ជាក់ស្តែង បើយោងតាមទិន្នន័យពីស្ថាប័ន London Metal Exchange បានបង្ហាញថា ចាប់តាំងពីដើមខែមករាឆ្នាំ២០២៣នេះមក តម្លៃទង់ដែង អាលុយមីញ៉ូម និងស័ង្កសី សុទ្ធតែឡើងថ្លៃខ្ពស់បើធៀបនឹងរយៈពេល១១ឆ្នាំចុងក្រោយ ពោលគឺបានកើនឡើងជាមធ្យមក្នុងរង្វង់ ១៣%។ ដោយឡែកសំណប៉ាហាំង ដែលភាគច្រើនប្រើសម្រាប់ផលិតគ្រឿងអេឡិចត្រូនិក បានកើនឡើងតម្លៃក្នុងរង្វង់៣០% ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣២ឆ្នាំចុងក្រោយ។

ប៉ុន្តែអ្នកជំនាញ ផ្នែកលោហធាតុ និងការរុករករ៉ែនៅវិទ្យាស្ថាន UBS លោក Daniel Major ជឿថា លោហធាតុដូចជាទង់ដែង និងអាលុយមីញ៉ូមជាដើម មិនមែនជាចំណែកសំខាន់ណាស់ណា ទៅរុញច្រានអតិផរណាទាំងមូលឱ្យកើនឡើងនោះទេ។ តែផ្ទុយទៅវិញ ប្រសិនបើ តម្លៃអាហារ និងថាមពលសកលចាប់ផ្តើមឡើងថ្លៃម្តងទៀត នោះវាអាចនាំឱ្យតម្លៃទំនិញប្រើប្រាស់មានកាន់តែខ្ពស់ ដែលនេះហើយទើបជាកត្តាចម្បង ទៅរុញច្រានអតិផរណាឱ្យកើនឡើង។

ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនអាចបង្កើនតម្រូវការច្រើនលើសលុបសម្រាប់ផលិតផលកសិកម្ម ស្របពេលដែលពិភពលោកនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៃវិបត្តិស្បៀងអាហារសកលដដែល ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន។ តម្លៃស្រូវសាលីនាពេលអនាគតដែលជាប្រភពអាហារដ៏ចម្បងសម្រាប់មនុស្សជាច្រើន នៅតែស្ថិតក្នុងតម្លៃខ្ពស់ជាង ៥៨% បើធៀបនឹងតម្លៃកាលពីពាក់កណ្តាលឆ្នាំ២០២០។

មួយវិញទៀតកាលពីខែធ្នូ បន្ទាប់ពីប្រកាសបើកប្រទេសវិញភ្លាមៗ ការនាំចូលសណ្តែកសៀងរបស់ចិន ដែលភាគច្រើនប្រើសម្រាប់ការផលិតជាចំណីសត្វនោះ បានកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅតែពីស្បៀងអាហារ និងលោហធាតុ ការបើកប្រទេសឡើងវិញរបស់ចិន ក៏ជំរុញតម្រូវការថាមពលឱ្យមានច្រើនជាងមុនផងដែរ ពិសេសគឺប្រេងតែម្តង។ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា តម្រូវការប្រេងសកលអាចកើនឡើងដល់កម្រិតខ្ពស់គ្រប់ពេលទាំងអស់ ពោលគឺក្នុងរង្វង់ជិត ១០២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ ដោយសារតែតម្រូវការពីប្រទេសចិន តំណាងឱ្យចំនួនជិតពាក់កណ្តាលនៃការកើនឡើងនេះទៅហើយ។

សេដ្ឋវិទូមកពីស្ថាប័ន Capital Economics និយាយថា តម្លៃប្រេងនឹងកើនឡើង ដោយសារមានតម្រូវការធ្វើដំណើរច្រើននៅប្រទេសចិន។ ស្ថាប័ននេះរំពឹងថា តម្លៃប្រេងនៅទីផ្សារគោលរបស់អង់គ្លេសអាចកើនពី៨៥ដុល្លារ ដល់៩៥ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងតម្លៃប្រេងនេះហើយ ជាប្រភពទៅរុញឱ្យអត្រាអតិផរណាពិភពលោក កើនឡើងយ៉ាងឆាប់រហ័ស៕

អត្ថបទដោយ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ការនាំចេញម្រេចកំពតធ្លាក់ចុះ ២០% នៅឆ្នាំ២០២២ ខណៈក្រុមហ៊ុនបញ្ជាទិញមួយចំនួនស្នើឲ្យលក់បញ្ចុះតម្លៃ

ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅពេញមួយឆ្នាំ២០២២ ការនាំចេញម្រេចកំពតសម្រេចបានត្រឹមតែប្រមាណ ៨២តោន ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០២១ ម្រេចកំពត…

តើស្ថានភាពសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាមានការប្រែប្រួលយ៉ាងណាខ្លះហើយ?

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរងព្យុះបោកបក់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនក្នុងរង្វង់៣%ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ