ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិ របស់ថៃ បានកំណត់គោលដៅកំណើននៃការនាំចេញចន្លោះពី១ ទៅ៣%នៅឆ្នាំ២០២៥នេះ ដោយរំពឹងតម្លៃនាំចេញសរុបនឹងឈានដល់៣០៥ពាន់លានដុល្លារ ខណៈដែលក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅកំណើននេះចន្លោះពី២-៣%។
លោក ឆៃឆាន ឆារឿនស៊ុក (Chaichan Charoensuk) ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិ របស់ថៃបានលើកឡើងថា ការនាំចេញរបស់ថៃ ត្រូវបានព្យាករថា នឹងកើនឡើងចន្លោះពី២% ទៅ៣% ជាមួយទំហំនាំចេញឡើងដល់ជាង៧២ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ឆ្នាំនេះ។
ទោះជាយ៉ាងណាលោក ឆៃឆាន បានព្រមានថា ការនាំចេញរបស់ថៃ អាចនឹងចាប់ផ្តើមប្រឈមនឹងបញ្ហានៅក្នុងត្រីមាសទីពីរ ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចកាន់តែកើនឡើង ដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់លោក ដូណាល់ ត្រាំ លើប្រទេសម៉ិកស៊ិក កាណាដា និងចិន ហើយអាចឈានដល់សហភាពអឺរ៉ុប។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក ឆៃឆាន ស្នើឱ្យរដ្ឋាភិបាលថៃ កោះប្រជុំក្រុមការងារពិសេសជាបន្ទាន់ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាម៉េរិក នៅពេលរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផាន់ (Pichai Naripthaphan) ត្រឡប់មកពីសហរដ្ឋអាម៉េរិកវិញភ្លាម។
បើតាមការអះអាងរបស់លោក ឆៃឆាន ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិរបស់ថៃ ក៏បានដាក់ចេញវិធានការយុទ្ធសាស្ត្រចំនួន១៤ចំណុចផងដែរ ដូចជាការប្រកាន់យកគោលជំហរអព្យាក្រឹតលើជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន, ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងដឹកជញ្ជូន, លើកកម្ពស់ការប្រកួតប្រជែងចំណាយ និងការច្នៃប្រឌិត និងការពង្រីកទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនដូចជាឥណ្ឌា និងតំបន់មជ្ឈិមបូព៌ាជាដើម។
ជាមួយគ្នានេះ ក្រុមប្រឹក្សានេះបានស្នើឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងវិស័យសាធារណៈ និងឯកជនដោយត្រូវជួបប្រជុំគ្នាជាប្រចាំខែ ឬប្រចាំត្រីមាស ជាពិសេសប្រសិនបើសហរដ្ឋអាម៉េរិក បានប្រកាសអំពីវិធានការពាណិជ្ជកម្មប្រឆាំងនឹងប្រទេសថៃ មែននោះ៕
អត្ថបទ៖ សុខ មង្គល