នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិក។ ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកតាមដានវិភាគបញ្ហាសង្គម យល់ឃើញថា រាជរដ្ឋាភិបាល ត្រូវមានទំនួលខុសត្រូវ និងសហការជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីនាំយកពលរដ្ឋអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះត្រឡប់មកវិញ និងត្រូវជួយពួកគេក្នុងការសម្របខ្លួនក្នុងការរស់នៅក្នុងសង្គម និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឲ្យពួកគេមានការងារ ឬមុខរបរសមរម្យ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការអនុវត្តច្បាប់របស់អាម៉េរិក ដែលគ្រោងបញ្ជូនជនជាតិខ្មែររស់នៅខុសច្បាប់មកប្រទេសកំណើតវិញ មិនមែនធ្វើឡើងតែសម្រាប់កម្ពុជា តែមួយនោះទេ ប៉ុន្តែជាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលត្រូវធ្វើឡើងជាទូទៅ។ គម្រោងចាប់បញ្ជូនពលរដ្ឋខ្មែររស់នៅខុសច្បាប់របស់អាម៉េរិក ឱ្យត្រលប់មកកម្ពុជាវិញ ត្រូវបានអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ លើកឡើងថា ពុំបានធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ ព្រោះវាជាការអនុវត្តច្បាប់អន្តោប្រវេសន៍អន្តរជាតិ ខណៈប្រទេសនីមួយៗមានសិទ្ធិអនុវត្តច្បាប់លើអ្នករស់នៅដែលមិនមានឯកសារគ្រប់គ្រាន់ និងបញ្ជូនពួកគេទៅប្រទេសកំណើតវិញបានដូចគ្នា។ បើតាមលោកបណ្ឌិត គិន ភា នៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជា មានតែកិច្ចសហការជាមួយអាម៉េរិក ប៉ុណ្ណោះ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលត្រូវបញ្ជូន និងទទួល និងត្រូវធ្វើសមាហរណកម្មក្នុងសង្គម ទាំងវប្បធម៌ ភាសា ការរស់នៅ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម ដើម្បីឱ្យពួកគេមានការងារ មុខរបរ និងរស់នៅសមរម្យក្នុងសង្គម។
អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត មាស នី បានយល់ឃើញថា គម្រោងបញ្ជូនពលរដ្ឋខ្មែររស់នៅខុសច្បាប់លើទឹកដីសហរដ្ឋអាម៉េរិក មកកម្ពុជា វិញ គួរមានការចរចាណាមួយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ហើយអាម៉េរិក ក៏គួរទុកមុខមាត់ដល់ប្រទេសជាដៃគូផងដែរ និងមិនត្រូវធ្វើការដោយបង្ខំនោះទេ ដើម្បីទុកពេលវេលាឱ្យរដ្ឋាភិបាលកម្ពុជា រៀបចំទទួលយកមកវិញ។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលកម្ពុជា មានការទទួលខុសត្រូវលើបញ្ហានេះ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋាភិបាល ត្រូវទទួលខុសត្រូវលើសុខុមាលភាព និងការរស់នៅរបស់ពលរដ្ឋខ្មែរ មិនថារស់នៅក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ទន្ទឹមនេះ លោកបណ្ឌិត មាស នី លើកឡើងថា ដើម្បីត្រៀមខ្លួនក្នុងការទទួលយកពលរដ្ឋខ្មែរដែលអាម៉េរិក គ្រោងបញ្ជូនមក គឺរដ្ឋាភិបាល ត្រូវរៀបចំ និងបែងចែកលើករណីនីមួយៗឱ្យបានច្បាស់លាស់ ដោយសារលោកយល់ថា នៅក្នុងចំណោមពលរដ្ឋ ដែលគ្រោងនឹងបញ្ជូនមកអាចនឹងមានករណីផ្សេងៗពីគ្នា។
អត្ថបទ៖ បូ ដូឡា