លោក ស៊ីហ្គេរូ អ៊ីស៊ីបា អាយុ៦២ឆ្នាំដែលសភាជប៉ុនគ្រោងនឹងបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា ការបង្កើនការប្រើប្រាស់ទំនិញសព្វសារពើឡើងវិញ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការងើបចេញពីការជាប់គាំងសេដ្ឋកិច្ចរបស់ជប៉ុន ដូច្នេះហើយរដ្ឋបាលថ្មីរបស់លោក ត្រូវផ្តោតលើការដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យគ្រួសាររងគ្រោះកាន់តែខ្លាំងដោយសារតែការកើនឡើងអតិផរណា។
លោក អ៊ីស៊ីបា បានប្រាប់សន្និសីទសារព័ត៌មានក្រោយលោកបានជាប់ឆ្នោតជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងសុក្រថា ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនបានធ្លាក់ចុះក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារកំណើនប្រាក់ឈ្នួលមិនទាន់ត្រូវបានដំឡើងឱ្យលើសពីកម្រិតអតិផរណា។
អនាគតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្ថែមថា ល្គឹកណាការប្រើប្រាស់កើនឡើង សេដ្ឋកិច្ចក៏នឹងដំណើរការបានល្អដែរ ដូច្នេះហើយលោកបានសន្យាថា នឹងពន្លឿនគោលនយោបាយរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ក្នុងបំណងបង្កើនប្រាក់ចំណូលគ្រួសារតាមរយៈការដំឡើងប្រាក់ឈ្នួល។ ការណ៍នេះបានបង្ហាញថាលោក អ៊ីស៊ីបា នឹងអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាច្រើនបន្តពីលោក គីស៊ីដា ដោយផ្តោតលើវិធានការជំរុញប្រាក់ឈ្នួល និងគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុនផងដែរ៕
អត្ថបទ៖ សុខ មង្គល