ដ្បិតថា ស្ថានភាពជំងឺឆ្លងសាកលកូវីដ១៩ លើពិភពលោកចាប់ផ្ដើមអន់ថយ ជាបណ្ដើរៗ ក៏ពិតមែន តែការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងកម្ពុជា ក៏នៅជួបប្រឈមនឹងហានិភ័យជាច្រើន ដែលអាចប៉ះពាល់ដល់ចរន្តនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារគោលដៅ ពិសេសអាចជិះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញផលិតផលកាត់ដេរ កម្ពុជា នៅឆមាសទី២ ឆ្នាំ២០២២។ ជុំវិញ ស្ថានភាពវិស័យកាត់ដេរនេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៃការនាំចេញផលិតផលកាត់ដេរនៅឆមាសទី២ ដោយសារស្ថានភាពពិភពលោកមិនស្ថិតស្ថិរ គួបផ្សំនឹងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅក្នុងទីផ្សារប្រទេសលោកខាងលិច ដែលជាទីផ្សារបញ្ជាទិញដ៏ធំជាងគេបំផុតសម្រាប់ផលិតផលកាត់ដេរ និងវាយនភណ្ឌរបស់កម្ពុជា។
បើទោះជាបែបនេះក្ដី លោក កាំង ម៉ូនីកា នៅតែមើលឃើញថា វិស័យកាត់ដេរ នៅតែមានភាពវិជ្ជមានដដែល ដោយលោកអះអាងថា ដំណើរការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារគោលដៅ ពិសេស តំបន់អឺរ៉ុប និងប្រទេសអង់គ្លេស នៅតែមានដំណើរការល្អ ជាធម្មតា។ លោកបន្ថែមថា សហរដ្ឋអាមេរិក ក៏នៅតែជាទីផ្សារធំជាងគេ ក្នុងការនាំចេញផលិតផលកាត់ដេរកម្ពុជា ខណៈសហគមន៍អឺរ៉ុប ជាទីផ្សារធំទី២ និងជប៉ុន ជាគោលដៅទី៣។
ជុំវិញស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ដែរថា បើទោះជា សកម្មភាពនៃការផ្លាស់ប្ដូរទំនិញចេញ-ចូលរបស់កម្ពុជា មានកំណើនជាធម្មតាក៏ដោយ ប៉ុន្តែ ដោយសារតែវិបត្តិសង្រ្គាមរបស់រុស្សី និងអ៊ុយក្រែន ជាហេតុជំរុញឲ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលក្នុងតំបន់អឺរ៉ុប គួបផ្សំនឹងការកើនឡើងតម្លៃប្រេង និងអតិផរណាជាដើម ក៏អាចនឹងធ្វើប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជាផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានបង្ហាញការបារម្ភទៀតថា បញ្ហាមិនច្បាស់លាស់នៃស្ថានភាពពិភពលោក នឹងអាចប៉ះពាល់ការបញ្ជាទិញក្នុងវិស័យកាត់ដេរ និងអាចឲ្យវិស័យនេះជួបបញ្ហាប្រឈមមួយចំនួននាពេលខាងមុខនេះ។
ស្រដៀងគ្នានេះ លោក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានកត់សម្គាល់ឃើញថា សម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជា នៅឆមាសទី២ ក៏អាចអាចប្រឈមនឹងការធ្លាក់ចុះដែរ ក្រោយការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងស្បែងជើងមានទំនោរធ្លាក់ចុះនៅមួយរយៈចុងក្រោយ។ ទោះយ៉ាងណា ប្រធានសមាគមរូបនេះបន្តថា ដ្បិតការបញ្ជាទិញផលិតផលកាត់ដេរថយចុះក៏ពិតមែន ប៉ុន្ដែវាមិនបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូនកម្ពុជានោះទេ ប្រសិនបើការនាំចេញផលិតផលកសិកម្មកម្ពុជា នៅបន្ដមានកំណើនខ្ពស់។
ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានតម្លៃសរុបប្រមាណ ៦ពាន់៦រយលានដុល្លារ កើនឡើង៤០% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕