ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX) បានកត់សម្គាល់ឃើញថា វិស័យទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្ដើមងើបឡើងវិញ ចាប់ពីដើមឆ្នាំ២០២២មក ក្រោយបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ក៏ប៉ុន្តែ បើទោះបីជាបែបនេះក្ដី ទីផ្សារភាគហ៊ុននៅកម្ពុជា បានរងឥទ្ធិពលជាថ្មី ចាប់ពីមានការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យតម្លៃទីផ្សារភាគហ៊ុនមានការថយចុះបន្តិចបន្តួចដែរ។
ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ថា នៅថ្ងៃដំបូងនៃសង្គ្រាមឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន ទីផ្សារភាគហ៊ុនលើពិភពលោក ក៏ចាប់ផ្ដើមធ្លាក់ចុះទៅហើយ និងបានធ្វើឲ្យទីផ្សារភាគហ៊ុននៅកម្ពុជា ធ្លាក់ចុះដូចគ្នា។ ក៏ប៉ុន្តែ ការធ្លាក់ចុះនៃតម្លៃផ្សារមូលបត្ររបស់កម្ពុជា មិនបានអូសបន្លាយច្រើនថ្ងៃនោះទេ ពោលគឺ បញ្ហាធ្លាក់ចុះនៃតម្លៃភាគហ៊ុននេះ មានរយៈពេលប្រមាណ ២ទៅ៣ថ្ងៃ ដំបូងប៉ុណ្ណោះ នៃសង្គ្រាមរុស្សី-អ៊ុយក្រែន។រហូតមកដល់ពេលនេះ ទីផ្សារមូលបត្ររបស់កម្ពុជា ក៏បានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញហើយដែរ។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះបន្តថា តាមពិតទៅបញ្ហាឡើងចុះនៃតម្លៃភាគហ៊ុនមិនអាក្រក់នោះទេ តែផ្ទុយទៅវិញវា គឺជាសញ្ញាល្អទៅវិញទេ សម្រាប់អ្នកវិនិយោគក្នុងវិស័យនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៥ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលក្នុងនោះមាន ៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៦ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាបត្រ។ នេះបើតាមការបញ្ជាក់របស់លោក ហុង សុហួរ ដោយឯកឧត្តមបានបន្ថែមថា កន្លងមក CSX មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនមកចុះបញ្ជីចំនួន៨ បន្ថែមទៀត តែរយៈពេល២ខែមកនេះ ទើបតែមាន១ក្រុមហ៊ុន ប៉ុណ្ណោះ ដែលបានមកចុះបញ្ជី។ ទោះយ៉ាងណា អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យផ្សារមូលបត្រនៅកម្ពុជា នៅតែមានភាពរឹងមាំនឹងបន្តកើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំនៃការជួញដូរបានកើនឡើងរហូត២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕