អ៊ុយក្រែនសច្ចាប្រយុទ្ធនឹងរុស្ស៊ីដល់ដង្ហើមចុងក្រោយ

ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ប្រកាសថា នឹងតស៊ូប្រយុទ្ធជាមួយរុស្ស៊ីដល់ដង្ហើមចុងក្រោយទោះស្ថិតក្នុងតម្លៃណាក៏ដោយ


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សភាចក្រភពអង់គ្លេសដោយស្រែកអះអាងក្តែងៗថា ប្រជាជននិងប្រទេសអ៊ុយក្រែនទាំងមូល នឹងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីរហូតដល់ទីបញ្ចប់ ទោះត្រូវទៅរស់នៅក្នុងព្រៃឈើ តាមវាលស្រែ ឬត្រូវដេកនៅលើផ្លូវក្តី។ នៅចំពោះមុខសភាអង់គ្លេសនេះដែរ លោក Zelenskyy បានឆ្លៀតរំឭកពីវិរភាពរបស់មេដឹកនាំកំពូលអង់គ្លេសកាលពីសម័យសង្គ្រាមលោក គឺ វីនស្តុន ឈឺឈីល(Winston Churchill)ផងដែរ។
អ៊ុយក្រែនសច្ចាប្រយុទ្ធនឹងរុស្ស៊ីដល់ដង្ហើមចុងក្រោយ

ថ្លែង​ទៅ​កាន់​សភាជាតិ​អង់គ្លេស​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ការិយាល័យ​ក្នុង​ទីក្រុង​កៀវ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy និយាយ​ថា​៖ «​យើង​នឹង​មិន​ចុះចាញ់ ហើយ​យើង​នឹង​មិន​ចុះចាញ់​ជា​ដាច់ខាត យើង​នឹង​ប្រយុទ្ធ​រហូត​ដល់ទី​បញ្ចប់​មិន​ថា នៅ​លើ​សមុទ្រ ឬ​លើ​អាកាស​ទេ​។ យើង​នឹង​បន្ត​តស៊ូ​ដើម្បី​ទឹកដី​របស់​យើង ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​»​។

ទន្ទឹម​នេះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស​សម្រាប់​ការ​គាំទ្រ​របស់​ខ្លួន ដែល​រួម​មាន​ជំនួយ​មនុស្សធម៌ និង​សព្វាវុធ​។ លោក Zelenskyy បាន​ជំរុញ​ឲ្យ​ចក្រភព​អង់គ្លេស​បង្កើន​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ហើយ​ទទួលស្គាល់​រុ​ស្ស៊ី​ជា ប្រទេស​ភេរវ​ករ និង​ធ្វើ​យ៉ាងណា​ជួយ​រក្សា​ដែនអាកាស​អ៊ុយ​ក្រែ​ន​ឲ្យ​មាន​សុវត្ថិភាព​។

បន្ថែម​ពីលើ​នេះ លោក Zelenskyy បាន​អង្វរក​ដល់​មេដឹកនាំ ណា​តូ ឱ្យ​ព្រម​ដាក់​តំបន់​គ្មាន​ការ​ហោះហើរ​ពីលើ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ ប្រការ​នេះ​ត្រូវ​បាន​ណា​តូ​ជំទាស់ ដោយ​និយាយ​ថា វា​អាច​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​ជាមួយ​រុ​ស្ស៊ី និង​លោក​ខាងលិច​។

ពេល​និយាយ​ដល់​ការ​ខូចខាត និង ការ​ស្លាប់​របស់​ជន​ស៊ី​វិល ក្រោម​ស្នាដៃ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​ក្នុងអំឡុងពេល​សង្គ្រាម​ជិត​ពី​រស​ប្តា​ហ៍​មកនេះ លោក Zelenskyy បាន​និយាយ​ថា អ៊ុយ​ក្រែ​ន មិនមែន​ជា​អ្នក​ផ្តើម​សង្គ្រាម ហើយ​ក៏​មិន​ចង់បាន​សង្គ្រាម​ដែរ​។

គួរ​ជម្រាប​ថា សារ​វី​ដេ​អូ​នានា​ដ៏​មាន​ឥទ្ធិពល​របស់​លោក Zelenskyy ទាំង​ចំពោះ​ប្រជាជន​អ៊ុយ​ក្រែ​ន និង​ទៅ​កាន់​ពិភពលោក បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​ការ​គាំទ្រ​សម្រាប់​ការ​ការពារ​អ៊ុយ​ក្រែ​ន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​។

សុន្ទរកថា​របស់​លោក Zelenskyy ទៅ​កាន់​អ្នកនយោបាយ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​ទី​៨ គឺជា​លើក​ទី​២​ហើយ បន្ទាប់​ពី​សុន្ទរកថា​មួយ​កាលពី​ស​ប្តា​ហ៍​មុន ទៅ​កាន់​សមាជិក​សភា​អា​មេ​រិ​ករាប់​រយ​នាក់​ដែល​ក្នុង​នោះ Zelenskyy បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ជួយ​ផ្តល់​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត​សម្រាប់​យោធា​អ៊ុយ​ក្រែ​ន និង​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​។ ក្រោយ​គេ​សង្កេត​ឃើញ​ថា​ប្រធានាធិបតី ចូ​បៃ​ឌិន ពិតជា​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​ពិតមែន ដោយ​បាន​បើកដៃ​ឲ្យ​ណា​តូ ផ្តល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយ​ក្រែ​ន ព្រមទាំង​ការ​បិទ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ថែម​ទៀត​។

សូម​បញ្ជាក់​ថា នេះ​គឺជា​សុន្ទរកថា លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សភាជាតិ​អង់គ្លេស​ហើយ ដែល​បាន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​បរទេស​ថ្លែង​ទៅ​កាន់​សភាជាតិ​ទាំងមូល​បែប​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារភាគហ៊ុនកម្ពុជាមានការរង្គោះរង្គើអ្វីខ្លះ ក្រោយពេលសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយអស់២សប្ដាហ៍មកនេះ?

ព័ត៌មាន
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ទីផ្សារពិភពលោកមានការរង្គោះរង្គើយ៉ាងខ្លាំង ខណៈទីផ្សារភាគហ៊ុនពិភពលោកមានការរអិលធ្លាក់ចុះ ជួនចំពេលដែ…

តម្លៃមាសនៅកម្ពុជាបន្ដហក់ឡើងដល់ជាង ២.៤០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញជឿថា អាចនឹងបន្តឡើងបន្ថែមទៀត

ព័ត៌មាន
ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃមាសសកលរួមទាំងកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្ដែង គ្រាន់តែមួយយប់ថ្ងៃទី ៨ ចូលថ្ងៃទី ៩ ខែមីនា ហាងឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ