តៃវ៉ាន់ ដែលជាទីតាំងមានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបដ៏សំខាន់បំផុតរបស់ពិភពលោក បានប្រកាសថា ខ្លួនកំពុងចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ី។ ក្នុងនោះក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ក៏បានបង្ហាញថាពួកគនឹងគោរពតាមច្បាប់ និងសហការយ៉ាងជិតស្និទ្ធជាមួយវិធានការរបស់អាជ្ញាធរ។ ទោះយ៉ាងណា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបតៃវ៉ាន់ បានអះអាងថា កន្លងមកការនាំចេញផលិតផលបន្ទះឈីបរបស់តៃវ៉ាន់ទៅកាន់ប្រទេសរុស្ស៊ី គឺ មានតិចតួចបំផុត។
ទន្ទឹមនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី កោះតៃវ៉ាន់ក៏បានសម្លឹងឃើញថា នឹងមានផលប៉ះពាល់មួយចំនួនដែរ ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក ក៏ដូចជាបន្ទះឈីបផងដែរ។
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសរុស្ស៊ី រួមទាំងមេដឹកនាំកំពូលៗរាប់ទាំង លោក ពូទីនផង ត្រូវបានប្រទេសលោកខាងលិច ពិសេសអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃតែម្ដង ជុំវិញការបន្តផ្ទុះសង្គ្រាមដាក់គ្នានៅប៉ុន្មានថ្ងៃមកនេះ។
ការរងនូវទណ្ឌកម្មផ្ទួនៗ ពីសំណាក់លោកខាងលិចក៏បានធ្វើឲ្យលោកពូទីន នៅកាលពីម្សិលមិញ បានប្រកាសត្រៀមលក្ខណៈពិសេស ប្រុងជើងការអាវុធនុយក្លែអ៊ែ ដែលសន្លឹកបៀរធំចុងក្រោយរបស់ខ្លួនផងដែរ។ ប្រការនេះ ក៏បានធ្វើឲ្យអាមេរិក និងលោកខាងលិច កាន់តែមានលេសចេញមុខថ្កោលទោស និងដាក់សម្ពាធទៅលើរុស្ស៊ី៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន